ត្បូងឃ្មុំៈ ឆ្នាំ២០២៦នេះ ខេត្តត្បូងឃ្មុំគ្រោងប្រមូលផលទុរេនជាង២៥,៥ម៉ឺនតោន ខណៈកសិករចាប់ផ្តើមប្រមូលផលបណ្តើរៗហើយ។ ឆ្នាំនេះ និងឆ្នាំទៅ ទុរេនឲ្យផលមិនខុសគ្នាប៉ុន្មានទេ រីឯតម្លៃក៏នៅថេរ ដោយលក់ប្រហែល ១គីឡូក្រាមតម្លៃ ១ម៉ឺន៦ពាន់រៀល។កសិករបាននាំគ្នាដាំទុរេនទាំង ៧ស្រុក ក្រុង លើផ្ទៃដីទំហំប្រមាណ ៤ពាន់ហិកតា ក្នុងនោះផ្ទៃដីឲ្យផលមានប្រមាណ ១៧០០ហិកតា។

ទុរេន “មួនថង” ត្រូវបានគេស្គាល់ថាមានរសជាតិទឹកដោះគោ ផ្អែមឈ្ងុយឆ្ងាញ់ និងគ្មានសារធាតុគីមីពុល។ជាផលិតផលក្នុងស្រុកពិតៗ បេះពីលើដើម ពុះហូបក្រោមដើម ដែលប្រជាពលរដ្ឋអាចយកទៅប្រើប្រាស់បានទូទាំងប្រទេស ប្រកបដោយគុណភាព និងផាសុខភាព។ទុរេនប្អូនតាខ្នា នៅចំណុចភូមិអណ្តូងពក ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ មានចំនួន៨៥០ដើម ដាំលើផ្ទៃដី១០ហិកតា។

ឆ្នាំទៅប្រមូលផលបានប្រមាណ ៩០តោន ខណៈឆ្នាំនេះម្ចាស់ចំការរំពឹងថានឹងមិនចាញ់ឆ្នាំមុនឡើយ។លោក ថង វ៉េត អាយុ២៨ឆ្នាំ ម្ចាស់ចំការខាងលើ បានឲ្យដឹងថា ទុរេនចាប់ធំខ្លាំងនៅអាយុ៧០ ទៅ៨០ថ្ងៃ ហើយបើអាកាសធាតុអំណោយផលល្អ នឹងធ្វើឲ្យផ្លែធំ និងមានទម្ងន់ល្អ។

ឆ្នាំនេះដោយសារគ្មានភ្លៀងកក់ខែ ធ្វើឲ្យផ្លែរាងតូចបន្តិច ប៉ុន្តែចំនួនផ្លែនៅកើនឡើងដល់ ៨៥០ដើម ខណៈឆ្នាំទៅមានតែ ៨០០ដើមប៉ុណ្ណោះ។លោកបន្ថែមថា ការប្រមូលផលឆ្នាំនេះរំពឹងមិនចាញ់ឆ្នាំមុនទេ ហើយចំការទាំងមូលដាំពូជ “មួនថង” សុទ្ធ ដែលមានរសជាតិផ្អែម ឈ្ងុយឆ្ងាញ់ សាច់ពណ៌លឿងទុំ និងទទួលបានការគាំទ្រពីអតិថិជនជាច្រើន។

ទុរេនចាប់ប្រមូលផលពីខែមិថុនានេះតទៅ ដោយលក់ក្នុងតម្លៃ ១ម៉ឺន៦ពាន់រៀលក្នុង១គីឡូក្រាម និងបោះដុំ ១ម៉ឺន៥ពាន់រៀលក្នុង១គីឡូក្រាម។ បច្ចុប្បន្នមានប្រជាពលរដ្ឋមកទិញទាំងក្នុងស្រុក ខេត្ត និងរាជធានីភ្នំពេញ។

ដោយមានការគាំទ្រពីទីផ្សារ ម្ចាស់ចំការបានពង្រីកការដាំបន្ថែមចំនួន ៥០០ដើម ដើម្បីឆ្លើយតបតម្រូវការអនាគតផងដែរ។ជាមួយគ្នានេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា ឆ្នាំ២០២៦នេះ ខេត្តត្បូងឃ្មុំបានពង្រីកផ្ទៃដីដាំទុរេនដល់ ៤ពាន់ហិកតា ក្នុងនោះផ្ទៃដីឲ្យផលមានប្រមាណ ១៧០០ហិកតា ដាំទាំង ៧ស្រុក ក្រុង។

ក្នុងនោះ ស្រុកមេមត់ ជាតំបន់ដាំច្រើនជាងគេ ដោយកសិករដាំពូជទុរេន ៤ប្រភេទ រួមមាន ទុរេនដូនតា រី៦ មូសាំងឃីម និងពូជមួនថង។ ទិន្នផលទុរេនអាចសម្រេចបានប្រមាណ ១៥តោនក្នុង១ហិកតា៕

អត្ថបទ÷អាចារ្យលាក់

Share.