ថ្លែងចេញពីពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញគ្មានការយោគយល់ណាមួយនោះ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកំពង់ធំនេះសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនៅខេត្តកំពង់ធំទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។
ពិធីអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំចំនួន១១៨៩នាក់ បានប្រារព្ធឡើងនៅសាលប្រជុំនៃភោជនីយដ្ឋាន ឡូវ គឹមសេង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា គ្មានការយោគយល់ណាមួយនោះ ចំពោះទីតាំងណាដែលយកធ្វើជាកន្លែង ឆបោកតាមប្រព័ន្ធអនឡាញ និងអ្នកដែលពាក់ព័ន្ធក៏មិនត្រូវបានលើកលែងដែរ។ សម្ដេចតេជោក៏បន្តឱ្យអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ការពារ និងថែរក្សាធនធានធម្មជាតិដែលមានក្នុងមូលដ្ឋាន ជាពិសេសខេត្តកំពង់ធំ គឺធនធានធម្មជាតិបឹងទន្លេសាប ត្រូវទប់ស្កាត់ការកាប់ទន្ទ្រានព្រៃលិចទឹក និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។
សម្តេចបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិមាតុភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។ សម្តេចតេជោបានថ្លែងកោតសរសើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ដែលបានធ្វើការងារបានល្អពាក់ព័ន្ធនឹងអតីតយុទ្ធជន និងនិវត្តន៍ជន នៅខេត្តកំពង់ធំនេះ ជាពិសេសការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។
គួរបញ្ជាក់ថា នេះជាបេសកកម្មលើកទី១១ និងចំនួន១២ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយពីផ្ដើមពីខេត្តកំពង់ចាម,ត្បូងឃ្មុំ, កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ និងកំពង់ធំនាថ្ងៃនេះ៕


