កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវចំនួន ២ខ្សែ សរុបប្រវែងជាង ៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីធានាគុណភាព និងស្តង់ដារបច្ចេកទេសនៃការសាងសង់។

ការចុះពិនិត្យនេះ ដឹកនាំដោយឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។ ផ្លូវទាំងពីរខ្សែ ត្រូវបានអនុវត្តក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលថវិកាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរាជរដ្ឋាភិបាលកម្ពុជា។

គម្រោងនេះរួមមាន ផ្លូវខ្សែទី១ ប្រវែង ៣,៤៣គីឡូម៉ែត្រ តភ្ជាប់ពីភូមិចំណារ ឃុំសាលាវិស័យ ទៅភូមិអូរគ្រូកែ ឃុំសបូរណ៍ ស្រុកប្រាសាទសំបូរ និងផ្លូវខ្សែទី២ ប្រវែង ៤,៨១គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្មាក់ ទៅភូមិវាលល្ពាក់ ក្នុងឃុំសាលាវិស័យ។ ផ្លូវទាំងនេះត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង។

អាជ្ញាធរមូលដ្ឋានបានលើកឡើងថា ផ្លូវទាំងពីរខ្សែនេះនឹងជួយសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការដឹកអ្នកជំងឺទៅមន្ទីរពេទ្យ ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ចុង ផែត បានជំរុញឱ្យក្រុមហ៊ុនម៉ៅការអនុវត្តការងារសាងសង់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យា ដើម្បីធានាគុណភាពប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមសហការជាមួយក្រុមហ៊ុនសាងសង់ ដើម្បីពន្លឿនការអនុវត្តគម្រោង និងរួមគ្នាថែរក្សាហេដ្ឋារចនាសម្ព័ន្ធជនបទឱ្យមានភាពរឹងមាំ ស្អាត និងប្រកបដោយប្រសិទ្ធភាព។
អត្ថបទ៖ កំពង់ធំ

