ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចការពារជាតិត្រូវតែគ្របដណ្តប់ទាំងការពារបូរណភាពទឹកដី និងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយការពង្រឹងកិច្ចការពារជាតិឱ្យរឹងមាំ គឺត្រូវវិនិយោគទៅលើធនធានមនុស្ស ជាពិសេសវិនិយោគលើវិស័យអប់រំ និងសុខាភិបាល។

ប្រសាសន៍របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធអគារកម្ពស់បីជាន់ រួមទាំងសមិទ្ធផលនានា និងពិធីប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រអប់រំឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ស្ថិតនៅផ្លូវ៥៩៨ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងទិដ្ឋភាពនេះ សម្តេចធិបតី បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ការពារជាតិមិនមែនការពារត្រឹមតែមួយថ្ងៃនោះទេ គឺត្រូវការធ្វើរយៈពេលយូរអង្វែង។ ដរាបណាប្រទេសកម្ពុជានៅតែជាប្រទេសមួយ កិច្ចការការពារជាតិត្រូវតែបន្តអនុវត្តជាប្រចាំ ទាំងការពារបូរណភាពទឹកដី និងការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការពារជាតិមិនត្រឹមតែការពារពីការគម្រាមកំហែងផ្នែកយោធាប៉ុណ្ណោះទេ សូម្បីតែការវាយប្រហារផ្នែកភេរវកម្ម និងការឆ្លងរាលដាលនៃជំងឺផ្សេងៗ ដូចករណីជំងឺកូវីដ-១៩ ក៏ជាផ្នែកមួយនៃការការពារជាតិដែរ។
ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាង និងការពារជាតិឱ្យរឹងមាំ គឺអាស្រ័យទៅលើការវិនិយោគលើធនធានមនុស្សក្នុងសង្គមកិច្ច ទាំងផ្នែកអប់រំ ទាំងផ្នែកសុខាភិបាល។ សម្តេចធិបតី បានលើកឡើងអំពីការវិនិយោគទៅលើសុខភាពប្រជាជន ដោយចាប់ផ្តើមតាំងពីមុនពេលសម្រាល រហូតដល់ក្រោយសម្រាល ដោយមានការឧបត្ថម្ភពីរដ្ឋតាមវិស័យនានា។
សូមជម្រាបថា ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសនេះ បានបង្ហាញពីចក្ខុវិស័យទូលំទូលាយមួយ ដែលភ្ជាប់ការពារជាតិទៅនឹងការអភិវឌ្ឍធនធានមនុស្ស អប់រំ សុខាភិបាល និងសន្តិសុខសង្គម សំដៅធានាឱ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងចីរភាពជានិច្ចកាល៕

