ខេត្តតាក៖ ករណីផ្ទុះគ្រាប់បែកឆ្លងដែនដ៏រន្ធត់មួយបានកើតឡើងនៅក្នុងចម្ការម្ទេស ស្ថិតក្នុងភូមិសាស្ត្រស្រុក Phop Phra ខេត្តតាក ជាប់ព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីវេលាម៉ោង ៤:០០រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ បណ្តាលឱ្យពលករចំណាកស្រុកជនជាតិមីយ៉ាន់ម៉ា ១គ្រួសារ មានគ្នា ៣នាក់បាត់បង់ជីវិត និង២នាក់ទៀតរងរបួសធ្ងន់លើទឹកដីថៃ ។

លោកវរសេនីយ៍ឯក អនុសន ដាំងកុង (Anusorn Dankong) ភ្នាក់ងារនគរបាលស្រុក Phop Phra បានដឹកនាំកម្លាំងជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យកន្លែងកើតហេតុភ្លាមៗ ក្រោយទទួលបានសេចក្តីរាយការណ៍។ នៅក្នុងទីតាំងកើតហេតុ ក្នុងភូមិ Moker Thai ឃុំ Wale សមត្ថកិច្ចបានរកឃើញដ្រូនអត្តឃាត (Kamikaze Drone) ផ្ទុកគ្រឿងផ្ទុះខ្នាតមធ្យមមួយគ្រឿង ធ្លាក់នៅក្បែរគល់ឈើធំ ប៉ុន្តែគ្រាប់បែកដែលភ្ជាប់មកជាមួយដ្រូននោះ បានរបូតធ្លាក់ទៅកណ្តាលចម្ការម្ទេស និងបានផ្ទុះឡើង បង្កើតជាស្នាមរណ្តៅដីយ៉ាងជ្រៅមួយកន្លែង។

តាមរបាយការណ៍សាកសពស្ត្រីឈ្មោះ មៈខៃ (Ma Khine) អាយុ ២៥ឆ្នាំ និងប្ដីឈ្មោះ ទូយ៉ា (Tu Ya) អាយុ ៣៧ឆ្នាំ ត្រូវជាម្ដាយឪពុកបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ ចំណែកឯកូនប្រុសតូចឈ្មោះ កាឡា (Kalar) អាយុត្រឹមតែ ១១ឆ្នាំ បានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។ ដោយឡែក ជនរងគ្រោះ ២នាក់ទៀត ដែលរងរបួសធ្ងន់ដោយសារអំបែងគ្រាប់ ត្រូវបានអ្នកភូមិជួយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Mae Sot។

តាមលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងភាគីជម្លោះនៅត្រើយម្ខាង ក្នុងទឹកដីប្រទេសមីយ៉ាន់ម៉ាពេញមួយថ្ងៃ។ នៅក្នុងអំឡុងពេលនោះ មានដ្រូនវាយប្រហារមួយគ្រឿងបានហោះវង្វេងទិសដៅ ឆ្លងដែនចូលមកដីថៃ ហើយបានបុកទង្គិចនឹងដើមឈើធំ បណ្តាលឱ្យដ្រូនធ្លាក់ចុះ រីឯគ្រាប់បែកដែលភ្ជាប់ជាមួយនោះបានរបូតធ្លាក់ទៅក្នុងចម្ការ ដែលមានពលករកំពុងធ្វើការបេះម្ទេស។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ថា ស្ត្រីរងគ្រោះឈ្មោះ មៈខៃ បានដើរទៅប្រទះឃើញវត្ថុចម្លែកស្រដៀងគ្រាប់បែកនោះ ហើយដោយសារភាពងឿងឆ្ងល់ ទើបនាងបានហៅប្តី កូន និងមិត្តរួមការងារសរុប ៥នាក់ មកចោមរោមពិនិត្យមើល។ ខណៈពេលកំពុងប៉ះពាល់ និងពិនិត្យមើលនោះ វត្ថុផ្ទុះនោះក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លាតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានធ្វើការហ៊ុំព័ទ្ធ និងបិទខ្ទប់តំបន់កើតហេតុទាំងស្រុង ដោយប្រកាសជាតំបន់គ្រោះថ្នាក់ ដើម្បីទុកលទ្ធភាពឱ្យមន្ត្រីជំនាញខាងកោសល្យវិច័យ និងកម្លាំងទប់ស្កាត់គ្រឿងផ្ទុះ ចូលត្រួតពិនិត្យ និងស្វែងរកសំណល់ជាតិផ្ទុះផ្សេងទៀតឱ្យបានហ្មត់ចត់។

មែនទែនទៅ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាសោកនាដកម្មធម្មតានោះទេ ប៉ុន្តែវាជាភស្តុតាងមិនអាចប្រកែកបាន ដែលបកអាក្រាតពីភាពកម្សោយ អសមត្ថភាព និងភាពធូរលុងកម្រិតទន់ជ្រាយនៃប្រព័ន្ធការពារដែនអាកាស និងកងទ័ពភូមិន្ទថៃ តាមបណ្តោយព្រំដែន។ យ៉ាងណានេះមិនមែនជាលើកទីមួយទេ ដែលកងទ័ពថៃរក្សាជំហរទន់ជ្រាយ បិទភ្នែកម្ខាងបើកភ្នែកម្ខាង បណ្តោយឱ្យគ្រាប់កាំភ្លើងធំ និងដ្រូនសឹកពីប្រទេសជិតខាង ហោះរំលងក្បាលប្រជាពលរដ្ឋម្តងហើយម្តងទៀត ដោយគ្មានវិធានការណ៍តបត ឬការពារឱ្យមានប្រសិទ្ធភាពទាល់តែសោះ៕

ប្រភព៖ Amarin

Share.