ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើសន្និសីទបង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានជនជាតិចិន ២នាក់ និងជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។




ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានអនុវត្តដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជំនាញនគរបាលរាជធានីភ្នំពេញ។




តាមការស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ រួមមានបុរសជនជាតិចិន ២នាក់ និងបុរស-ស្ត្រីជនជាតិខ្មែរ ២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងសម្លាប់ជនរងគ្រោះ ២នាក់។




ក្រោយការសាកសួរ និងផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានរកឃើញសាកសពជនរងគ្រោះទាំងពីរ ដែលត្រូវបានយកទៅកប់ក្នុងរណ្តៅលូ និងចាក់បេតុងបិទបាំង នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមានដំបងមួយដើម ពូថៅមួយ កំណាត់ខ្សែភ្លើង និងទូរស័ព្ទដៃមួយគ្រឿង ដែលត្រូវបានយកមកធ្វើជាភស្តុតាងក្នុងសំណុំរឿង។




បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកពាក់ព័ន្ធផ្សេងទៀតដែលនៅគេចខ្លួន៕
អត្ថបទ÷កណ្តាល

