កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ បានចុះធ្វើរដ្ឋបាលចំហ និងត្រួតពិនិត្យជនបរទេសស្នាក់នៅក្នុងមូលដ្ឋាន ដោយរកឃើញជនបរទេសចំនួន ៩នាក់ ស្រី ៤នាក់ មាន ៤សញ្ជាតិ ព្រមទាំងដកហូតសម្ភារអេឡិចត្រូនិកជាច្រើនគ្រឿង ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធីច្បាប់។


ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ ដោយកម្លាំងសមត្ថកិច្ចបានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក និងធ្វើការត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស។


ជាលទ្ធផល សមត្ថកិច្ចបានរកឃើញជនបរទេសសរុប ៩នាក់ ក្នុងនោះមានជនជាតិកាមេរ៉ូន ៤នាក់ អ៊ូហ្គង់ដា ២នាក់ នីហ្សេរីយ៉ា ២នាក់ និងកេនយ៉ា ១នាក់។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ All-in-One ចំនួន ៦គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង ទូរស័ព្ទដៃ ៣២គ្រឿង ក្តារចុច (Keyboard) ៨គ្រឿង កណ្ដុរ (Mouse) ៩គ្រឿង និងឧបករណ៍ WiFi ១គ្រឿង។


បច្ចុប្បន្ន ជនបរទេសទាំង ៩នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ÷ចតុម្មុខ

