ប៉ៃលិន៖ សមត្ថកិច្ចចម្រុះនៃខេត្តប៉ៃលិនបានបើកប្រតិបត្តិការឡោមព័ទ្ធទីតាំងដាច់ស្រយាលមួយកន្លែងនៅលើភ្នំក្បែរព្រំដែន ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងគោលបំណងពង្រឹកសន្តិសុខសង្គម និងលុបបំបាត់បទល្មើសនេះឱ្យអស់ពីមូលដ្ឋានក្នុងខេត្ត។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ សមត្ថកិច្ចបានចាត់តាំងកម្លាំងដឹកនាំទៅកាន់ទីតាំងគោលដៅ ដើម្បីត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់។

នេះគឺជាផ្នែកមួយនៃយុទ្ធនាការបន្តចុះត្រួតពិនិត្យរដ្ឋបាល និងបង្ក្រាបបទល្មើសនៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ ទីតាំងសង្ស័យ ព្រមទាំងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត។ វិធានការទាំងនេះគឺដើម្បីរឹតបន្តឹងការអនុវត្តរបបសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានយកចិត្តទុកដាក់ជាពិសេសទៅលើការគ្រប់គ្រងសុវត្ថិភាពតាមរយៈការទប់ស្កាត់ការលួចចូលមករស់នៅដោយខុសច្បាប់របស់ជនបរទេស នៅតាមទីតាំងរស់នៅប្រមូលផ្តុំ សណ្ឋាគារ ផ្ទះសំណាក់ រីសត ផ្ទះជួល ផ្ទះល្វែង ក៏ដូចជាទីតាំងកាស៊ីណូនានា។ ការចុះត្រួតពិនិត្យនេះគឺដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ការអនុវត្តច្បាប់នេះធ្វើឡើងក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ចំពោះករណីឆបោកតាមប្រព័ន្ធអនឡាញនេះ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ និងអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ រួមទាំងការបណ្តេញជនបរទេសដែលប្រព្រឹត្តបទល្មើសត្រឡប់ទៅកាន់ប្រទេសកំណើតវិញ៕

Share.