រដ្ឋបាលខេត្តពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នៅរដ្ឋបាលស្រុកបាកាន នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបទល្មើសចាប់ជំរិតក្មេង និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងមាននិន្នាការកើនឡើង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោកស្នងការរង លោកនាយ-នាយរងការិយាល័យ ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកអធិការ-អធិការរង លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកនាយប៉ុស្តិ៍ លោកមេភូមិ មន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលជាម្ចាស់បន្ទប់ជួល ផ្ទះសំណាក់ និងសណ្ឋាគារផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានផ្សព្វផ្សាយបន្ថែមអំពីគុណវិបត្តិ និងផលប៉ះពាល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងកើតមាន និងអាចជះឥទ្ធិពលដល់ម្ចាស់ទីតាំងបន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងស្នាក់នៅផ្សេងៗ។ លោកបានណែនាំឱ្យម្ចាស់ទីតាំងទាំងអស់ត្រូវពិនិត្យឯកសារបញ្ជាក់អត្តសញ្ញាណរបស់ជនបរទេសឱ្យបានត្រឹមត្រូវ មុននឹងអនុញ្ញាតឱ្យស្នាក់នៅ ព្រមទាំងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ជាពិសេស លោកអភិបាលរងខេត្តបានលើកឡើងពីការប្រុងប្រយ័ត្នខ្ពស់ចំពោះបទល្មើសចាប់ជំរិតក្មេង ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ បន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យបន្តបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

