ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០៨:៣០នាទី នៅចំណុចផ្ទះមួយស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ រ៉េន សំអាន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃពីជនរងគ្រោះឈ្មោះ រ៉េន ស្រីស្រស់ ភេទស្រី អាយុ ៣៤ឆ្នាំ ដែលរស់នៅទីតាំងដូចគ្នា។
សម្ភារៈដែលដកហូតបាន គឺទូរស័ព្ទដៃម៉ាក iPhone 13 ពណ៌ផ្កាឈូក ត្រូវបានប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

