ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ព្យុះទី៦ ឈ្មោះ «ចាងមី» (Jangmi) ដែលកើតឡើងនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ប៉ុន្តែព្រះរាជាណាចក្រកម្ពុជាមិនស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។

តាមការព្យាករណ៍ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ តំបន់វាលទំនាបនឹងមានសីតុណ្ហភាពចន្លោះពី ២៥ ដល់ ៣៦អង្សាសេ ខណៈខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ប្រមាណ ២០ភាគរយនៃផ្ទៃដី។

សម្រាប់តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ប្រមាណ ៣០ភាគរយនៃផ្ទៃដី ខណៈសីតុណ្ហភាពអាចឡើងដល់ ៣៦អង្សាសេ។

ដោយឡែក តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រមាណ ២៥ភាគរយនៃផ្ទៃដី។ សីតុណ្ហភាពមានចន្លោះពី ២៥ ដល់ ៣៥អង្សាសេ ខណៈរលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ក្នុងតំបន់ដែលរងឥទ្ធិពល៕

Share.