បាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ (DDPM) បានចេញមុខមកប្រកាសអាសន្នឱ្យខេត្តភាគខាងត្បូងចំនួន៦ ត្រៀមលក្ខណៈទប់ទល់នឹងជំនន់ទឹកភ្លៀង និងការបាក់ដី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ។ ទោះជាយ៉ាងណា ការចេញមកព្រមានជាបន្តបន្ទាប់របស់អាជ្ញាធរថៃនៅពេលនេះ កំពុងរងការរិះគន់ថាជាវិធានការដដែលៗ និងជាការដើរតាមពីក្រោយបញ្ហាជាជាងការបង្ការទុកជាមុនប្រកបដោយប្រសិទ្ធភាព។

លោក Theerapat Katchamat អគ្គនាយក DDPM បានគូសបញ្ជាក់ថា ខេត្តដែលប្រឈមមុខខ្លាំងបំផុតរួមមាន៖ រ៉ាណង (Ranong), ផាំងង៉ា (Phang Nga), ភូកេត (Phuket), ក្រាប៊ី (Krabi), ត្រាំង (Trang), និងសាទូន (Satun)។ ចំណែកឯតំបន់សមុទ្រអង់ដាម៉ង់ (Andaman Sea) ត្រូវបានគេព្យាករណ៍ថា នឹងមានរលកខ្ពស់រហូតដល់ទៅ ៣ម៉ែត្រ ដែលជាហានិភ័យខ្ពស់សម្រាប់វិស័យទេសចរណ៍ និងការនេសាទ។

យ៉ាងណាម៉ិញ ថ្វីបើអាជ្ញាធរព្យាយាមប្រកាស និងជំរុញឱ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរស័ព្ទ «Thai Disaster Alert» ក៏ដោយ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង កន្លងមកប្រព័ន្ធបច្ចេកវិទ្យាព្រមានទុកជាមុនរបស់ថៃ តែងតែជួបបញ្ហាបច្ចេកទេស និងមិនអាចផ្ញើដំណឹងទៅដល់ប្រជាជននៅតំបន់ដាច់ស្រយាលទាន់ពេលវេលានោះឡើយ។

ចំណែកឯការប្រកាសបិទតំបន់ទេសចរណ៍ និងការផ្អាកចរាចរណ៍ផ្លូវទឹកបណ្ដោះអាសន្នដោយសារបញ្ហាអាកាសធាតុ បង្ហាញពីភាពកម្សោយនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលមិនអាចធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងលក្ខខណ្ឌអាកាសធាតុអាក្រក់បាន ដោយរដ្ឋាភិបាលមានតែជម្រើសមួយគត់គឺ «បិទចោល»។

ដោយឡែក បទបញ្ជាឱ្យរៀបចំជម្រកបណ្តោះអាសន្ន និងស្បៀងអាហារ គឺជារឿងដែលត្រូវធ្វើជាប្រចាំឆ្នាំទៅហើយ។ សាធារណជនតែងតែចោទសួរថា ហេតុអ្វីបានជារដ្ឋាភិបាលថៃ មិនមានយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំប្រព័ន្ធរំដោះទឹក ឬទប់ស្កាត់ការបាក់ដីឱ្យមាននិរន្តរភាព បើទោះបីជាដឹងច្បាស់ថា រដូវមូសុងតែងតែកើតមានជារៀងរាល់ឆ្នាំក៏ដោយនោះ។

សរុបមក ជំនន់ទឹកភ្លៀង និងខ្យល់ព្យុះនៅភាគខាងត្បូងប្រទេសថៃលើកនេះ មិនត្រឹមតែជាការសាកល្បងធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពយឺតយ៉ាវ និងការខ្វះចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែទុកឱ្យប្រជាពលរដ្ឋ និងអាជីវករទេសចរណ៍រងគ្រោះមុន រួចទើបដាក់គ្រឿងចក្រទៅតាមដោះស្រាយតាមក្រោយ៕

ប្រភព៖ Khaosod English

Share.