កំពត៖ រដ្ឋបាលខេត្តកំពតបានបន្តអនុវត្តគម្រោងស្ថាបនាទីសក្ការៈ «រោងអ្នកតាទ្វារ» ដើម្បីលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ និងសាសនា ខណៈដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ ទីសក្ការៈនេះស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។

តាមការចុះត្រួតពិនិត្យរបស់ឯកឧត្តមអភិបាលខេត្ត ត្រូវបានធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់។ គម្រោងសាងសង់នេះគឺដើម្បីរៀបចំទីតាំងសក្ការបូជាថ្មីមួយនៅទល់មុខកន្លែងសក្ការបូជាដ៏ល្បីល្បាញដែលមានស្រាប់ គឺអាស្រម «លោកយាយម៉ៅ» និង «លោកតាទ្វារ» ដែលប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់តែងនាំគ្នាមកអុជធូបបន់ស្រន់ជាហូរហែជារៀងរាល់ថ្ងៃ។


ចំណុចពិសេសនៃទីសក្ការៈថ្មីនេះ គឺការកសាងនៅលើចង្កេះ «ភ្នំទ្វារ» ដែលជាទីតាំងខ្ពស់បើកចំហរអាចមើលឃើញទេសភាពជុំវិញបានយ៉ាងស្រស់ស្អាត។ ក្រៅពីបំពេញតម្រូវការខាងផ្នែកជំនឿវប្បធម៌ដូនតា ទីតាំងនេះក៏សម្បូរទៅដោយធម្មជាតិស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់ឱ្យមកកម្សាន្ត ថតរូប និងសម្រាកលំហែកាយបន្ថែមពីការធ្វើបុណ្យសាងកុសល។

សូមជម្រាបការស្ថាបនាទីសក្ការៈ «រោងអ្នកតាទ្វារ» នេះត្រូវបានគេមើលឃើញថា មិនត្រឹមតែរួមចំណែកលើកតម្កើងជំនឿសាសនា និងប្រពៃណីវប្បធម៌ដូនតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈទេសចរណ៍បែបវប្បធម៌-ធម្មជាតិ បង្កើតជាចំណុចទាក់ទាញថ្មីមួយទៀតសម្រាប់ស្រុកដងទង់ ខេត្តកំពត៕

