ភ្នំពេញ៖ ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានចាត់ទុកកម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលបង្ក្រាបជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជាមួយឯកឧត្តមទូតកូរ៉េ នៅទី៣ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសផ្នែកសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ឯកឧត្តមបានបញ្ជាក់ពីឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបោសសម្អាតបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាការឆ្លើយតប ឯកឧត្តម Kim Chang Yong បានសម្តែងនូវការកោតសរសើរ និងពេញចិត្តចំពោះសមត្ថកិច្ច និងតុលាការកម្ពុជា ជាពិសេសករណីដាក់ទោសធ្ងន់ធ្ងរដល់ឧក្រិដ្ឋជនដែលបានបោកប្រាស់និស្សិតកូរ៉េ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសាធារណជនកូរ៉េ។ ឯកឧត្តមបានទទួលស្គាល់ថា ប្រតិបត្តិការបោសសម្អាតរបស់កម្ពុជា អាចធ្វើជាគំរូ សម្រាប់ប្រទេសដទៃទៀត ដោយសារតែលទ្ធផលជាក់ស្តែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រភេទនេះ។
សូមជម្រាបថា តាមរយៈជំនួបនេះភាគីទាំងពីរក៏បានពិភាក្សាអំពីជំហានបន្ទាប់នៃកិច្ចសហប្រតិបត្តិការ រួមទាំងការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ ឯកឧត្តមទូតកូរ៉េក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕

