ញូដេលី៖ ប៉ូលីសឥណ្ឌាបានសម្រេចចាប់ខ្លួនម្ចាស់សណ្ឋាគារមួយកន្លែង នៅក្នុងទីក្រុងញូដេលី (New Delhi) ភ្លាមៗ ក្រោយពីមានគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយ បានឆក់យកជីវិតមនុស្សអស់ ២១នាក់ ខណៈដែលក្រុមស៊ើបអង្កេតកំពុងបើកការស្រាវជ្រាវយ៉ាងដិតដល់ ជុំវិញការខ្វះចន្លោះលើប្រព័ន្ធសុវត្ថិភាពការពារអគ្គិភ័យ។

មន្ត្រីប៉ូលិសបានថ្លែងឱ្យដឹងថា ម្ចាស់សណ្ឋាគារខាងលើមានឈ្មោះ Lavkesh Bajaj ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ ទី៣ ខែមិថុនា គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអណ្តាតភ្លើងបានលេបត្របាក់អគារសណ្ឋាគារទាំងស្រុង ដែលបណ្តាលឱ្យជនរងគ្រោះយ៉ាងហោចណាស់ ៩នាក់ជាជនជាតិឥណ្ឌា និងជនបរទេសមួយចំនួនទៀតបានបាត់បង់ជីវិត។

រហូតមកទល់ពេលនេះ អត្តសញ្ញាណជនបរទេសចំនួន ២រូបត្រូវបានបញ្ជាក់ ដោយក្នុងនោះម្នាក់ជាពលរដ្ឋមកពីប្រទេសលីបេរីយ៉ា (Liberia) និងម្នាក់ទៀតមកពីប្រទេសម៉ូសំប៊ិក (Mozambique)។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញមនុស្សជាច្រើននាក់ដែលជាប់គាំងនៅជាន់ខាងលើនៃសណ្ឋាគារ «Flourish Stay» ដែលស្ថិតនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់ បានបង្ខំចិត្តលោតចុះមកលើពូកដែលគេរៀបចំនៅខាងក្រោម ដើម្បីគេចពីអណ្តាតភ្លើង។ ជនរងគ្រោះជាច្រើននាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងប្រញាប់ ដោយសារតែរងរបួសរលាកស្បែកធ្ងន់ធ្ងរ និងខ្លះទៀតបាក់ឆ្អឹង ដោយសារតែការលោតចុះមកលើផ្លូវថ្នល់។

ដោយឡែក នៅក្នុងករណីអគ្គិភ័យមួយផ្សេងទៀត ដែលបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ លោក Subrat Kumar Sen បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានបាត់បង់ជីវិត នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៃមន្ទីរពេទ្យមួយកន្លែង ក្នុងក្រុង Muzaffarpur នៃរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា។

គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគារនៅក្នុងប្រទេសឥណ្ឌា គឺជាករណីដែលកើតឡើងជារឿយៗ ដោយសារតែការខ្វះខាតឧបករណ៍ពន្លត់អគ្គិភ័យ ក៏ដូចជាការមើលរំលង និងមិនគោរពតាមបទប្បញ្ញត្តិសុវត្ថិភាពជាប្រចាំ៕

ប្រភព៖ CNA

Share.