កំពង់ចាម ៖ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចតាមដងទន្លេមេគង្គ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ចោល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយលោក លី ស្រ៊ី និងក្រុមការងារជលផល សមត្ថកិច្ចមូលដ្ឋាន ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបរុះរើឧបករណ៍នេសាទខុសច្បាប់ចំណុចខាងលើ មានឧបករណ៍លូស្បៃមុងចំនួន៧មាត់ របាំងស្បៃមុងប្រវែង១១០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណជា១២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។

ក្រុមការងារជលផលបានផ្សព្វផ្សាយផងដែរស្តីពីច្បាប់ស្តីពីជលផល និងសេចក្តីជូនដំណឹងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ នៅរដូវបិទនេសាទ ដល់ប្រជានេសាទនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកងមាស រហូតដល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៕

អត្ថបទ៖ តាតុងសែនជ័យ

