បាត់ដំបង÷ ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជាង ៣ ០០០ប័ណ្ណបានផ្តល់ជូនប្រជាពលរដ្ឋភាគច្រើនជាកសិករនៅក្នុងភូមិកោះរាម និងភូមិរូងអំពិល ខេត្តបាត់ដំបង បញ្ជាក់ភាពច្បាស់លាស់បញ្ចប់ទំនាស់ផ្សេងៗ

ក្នុងពិធីប្រគល់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះមានចំនួនពីរភូមិ រួមមានភូមិកោះរាម និងភូមិរូងអំពិល ក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង សរុបទាំងអស់ចំនួន ១ ០៤៧គ្រួសារ ស្មើចំនួន ៣ ៣៦១ប័ណ្ណ។

ឯកឧត្តម សុខ លូ បញ្ជាក់បន្តថា÷ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានផ្តោតយកចិត្តទុកដាក់ជាចំបងចំពោះការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសសំដៅសម្រេចឱ្យបានព្រំដីដែលមានភាពច្បាស់លាស់កាត់បន្ថយទំនាស់ដីធ្លីនានា។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះពិតជាមានសារសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីធ្លីខាងលើនេះ ផ្ទុយទៅវិញត្រូវតែថែរក្សាទុក រឺសម្រាប់ចែកបន្តទៅដល់កូនចៅអ្នកជំនាន់ក្រោយកសាងគ្រួសាររហូតតទៅ។

ចុងក្រោយឯកឧត្តម ឆ្លៀតបានណែនាំក្រើនរំឭកដល់មន្រ្តី ក៏ដូចជាអាជ្ញាធរភូមិ ឃុំ ស្រុកពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាពន្លឿនការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋមិនត្រូវទារប្រាក់កម្រៃសេវាក្រៅផ្លូវការខុសពីគោលការណ៍ច្បាប់ឡើយ៕

អត្ថបទ: ដំបងក្រញូង

Share.