យោងតាមលិខិតប្រកាសអបអរសាទរផ្លូវការរបស់ក្រសួងទេសចរណ៍ បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាទើបតែទទួលបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនៅលើឆាកអន្តរជាតិ នោះគឺ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ត្រូវបានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានថ្មីល្អដាច់គេនៅលើពិភពលោក ឬ «World’s Best New Airport Terminal 2026» ពីស្ថាប័នវាយតម្លៃអាកាសចរណ៍លំដាប់សកល Skytrax។

ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាមោទនភាពជាតិដ៏ធំធេងមួយប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបង្ហាញពីរបត់យុទ្ធសាស្ត្រថ្មី និងជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការរុញច្រានសន្ទុះនៃវិស័យទេសចរណ៍កម្ពុជាឱ្យឈានចូលដល់យុគសម័យមាស ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។ តាមដឹង ពានរង្វាន់ «World’s Best New Airport Terminal 2026» ពីស្ថាប័ន Skytrax ដែលត្រូវបានបង្ហាញនៅក្នុងឯកសាររូបភាព មិនមែនជាការទទួលបានដោយចៃដន្យនោះឡើយ។

នេះគឺលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ដែលស្ថាប័នមួយនេះបានកំណត់ដោយផ្អែកលើមូលដ្ឋានគ្រឹះជាច្រើនដូចជា សេវាកម្មអាកាសយានដ្ឋាន​អន្តរជាតិតេជោ ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។ មួយទៀតគឺ សេវាកម្មបុគ្គលិក បានផ្ដោតលើភាពរហ័សរហួន វិជ្ជាជីវៈ និងស្នាមញញឹមនៃបដិសណ្ឋារកិច្ច។ តាមបទពិសោធន៍របស់អ្នកដំណើរ ធ្លាប់បានឱ្យពិន្ទុវាយតម្លៃល្អពិតប្រាកដចំពោះការទទួលស្វាគមន៍ដោយភាពរួសរាយរាក់ទាក់។

នៅពេលដែល«អាកាសយានដ្ឋានអន្តរជាតិតេជោ» ត្រូវបានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានថ្មីល្អដាច់គេនៅលើពិភពលោក នោះសបញ្ជាក់ឱ្យឃើញថា អាកាសយានដ្ឋានអន្តរជាតិតេជោ មិនត្រឹមតែមានភាពលេចធ្លោលើផ្នែកស្ថាបត្យកម្មដ៏វិសេសវិសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឧត្តមភាពខ្ពស់ក្នុងការគ្រប់គ្រងលំហូរ សេវាកម្មបដិសណ្ឋារកិច្ច និងការផ្តល់នូវភាពងាយស្រួលប្រកបដោយផាសុកភាពកម្រិតអតិបរមាដល់អ្នកដំណើរ។

យ៉ាងណាមិញ ស្របពេលដែលក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការ «Visit Cambodia – Green Season» ការទទួលបានឋានៈលំដាប់ពិភពលោករបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏នឹងដើរតួនាទីជាក្បាលម៉ាស៊ីនយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការស្រូបទាញភ្ញៀវទេសចរដូចគ្នា។ ការបើកច្រកមេឃព្រលានយន្តហោះថ្មីនេះ អាចទទួលយន្តហោះខ្នាតយក្សពីតំបន់ឆ្ងាយៗ ដូចជាអឺរ៉ុប អាមេរិក និងមជ្ឈិមបូព៌ា មកកាន់កម្ពុជាដោយផ្ទាល់ ដោយមិនចាំបាត់ឆ្លងកាត់ប្រទេសទីបី។ នេះជាការដោះស្រាយបញ្ហាប្រឈមធំៗខាងផ្នែកឡូជីស្ទីកទេសចរណ៍ក្នុងពេលកន្លងមក។

ព្រលានយន្តហោះថ្មីនេះ គឺជាទ្វារលម្ហែដំបូងបង្អស់ដែលស្វាគមន៍ភ្ញៀវបរទេស បូករួមទាំង សោភ័ណភាព និងសេវាកម្មដ៏ទន់ភ្លន់ដែលទទួលស្គាល់ដោយ Skytrax នឹងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានអារម្មណ៍កក់ក្តៅ និងស្ងើចសរសើរតាំងពីជំហានដំបូងដែលពួកគេបានជាន់ទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។ ភ្ញៀវទេសចរ និងអ្នកជំនួញ ដែលបានធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះដែលឈ្នះពានរង្វាន់ពិភពលោក នោះពួកគេនឹងមានអារម្មណ៍ទទួលបាននូវការផ្តល់នូវទំនុកចិត្តខ្ពស់ ជាហេតុបង្កើតឱ្យមានប្រភពចំណូលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

សូមជម្រាបថា «អាកាសយានដ្ឋានអន្តរជាតិតេជោ» ទទួលបានចំណាត់ថ្នាក់ជាអាកាសយានដ្ឋានថ្មីល្អដាច់គេនៅលើពិភពលោក វាបានបង្ហាញពីសមិទ្ធផលប្រវត្តិសាស្ត្រដែលជាខ្នងបង្អែកយ៉ាងរឹងមាំសម្រាប់យុទ្ធសាស្ត្រទាក់ទាញទេសចរណ៍។ នេះជាឱកាសមាសដែលគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវរួមគ្នាចាប់យក ដើម្បីបំប្លែងកិត្យានុភាពនៃព្រលានយន្តហោះលំដាប់ពិភពលោកនេះ ឱ្យទៅជាលំហូរភ្ញៀវទេសចរពិតប្រាកដ នាំមកនូវកំណើនសេដ្ឋកិច្ចជាតិ និងការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕

Share.