ភ្នំពេញ ៖ សមត្ថកិច្ចកម្ពុជាបានបន្តវាយប្រហារយ៉ាងដាច់អហង្ការទៅលើបណ្តាញជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។ នៅថ្ងៃទី៤ ខែមិថុនា កន្លងទៅនេះ កម្លាំងសមត្ថកិច្ចមកពីនគរបាល និងកងរាជអាវុធហត្ថនៃរាជធានី-ខេត្តចំនួន១០ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥៨នាក់ ក្នុងសំណុំរឿងចំនួន ២១ករណី។
ប្រតិបត្តិការនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់កងកម្លាំងសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ដែលជាមូលហេតុចម្បងមួយនាំឱ្យបែកបាក់គ្រួសារ និងបំផ្លាញអនាគតយុវជន។
ក្នុងចំណោមជនសង្ស័យចំនួន ៥៨នាក់ មានស្ត្រីចំនួន ២នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងបទល្មើសផ្សេងៗគ្នា។
វត្ថុតាងដែលប្រមូលបានរួមមាន មេតំហ្វេតាមីនសរុបចំនួន ១៤៣,៣៩ក្រាម។ មកទល់ពេលនេះ ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅតាមនីតិវិធី ដើម្បីចាត់ការបន្តតាមច្បាប់ជាធរមាន។ សមត្ថកិច្ចក៍បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការនិងផ្តល់ព័ត៌មានបន្ថែមអំពីសកម្មភាពខុសច្បាប់ទាំងនេះ ដើម្បីសុវត្ថិភាព និងអនាគតរបស់សង្គមជាតិ៕

