ភ្នំពេញ៖ រោងចក្រផលិតចានស្នោមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦:១០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ ដែលស្ថិតនៅចំណុចភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។



ដោយមានការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់រោងចក្រដែលនៅក្បែរនោះ។
ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះដែរ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២៥គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ ១៨ឡាន ស្មេីនឹង ២១៦ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មេីនឹង ១៨ម៉ែត្រគូប, រថយន្តបុរីប៉េងហួតចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២គ្រឿង ស្មេីនឹង ២០ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីនឹង ០៦ម៉ែត្រគូប។
ចំពោះប្រភេទសំណង់សង់ពីដែកប្រក់ស័ង្កសីទំហំ ៥០០០ម៉ែត្រការ៉េ ឆេះខូចខាត រោងចក្រសង់ពីដែកប្រក់ស័ង្កសី ទំហំ ៥០០០ម៉ែត្រការ៉េ ចំនួន០១រោងចក្រ ខូចខាត៨០% រួមមានម៉ាស៉ីនទាញស្នោចំនួន ០១គ្រឿង, ចានស្នោផលិតរួចចំនួន ៤០,០០០បេ (១បេមាន៧០០ចាន) និងស្នោមិនទាន់ផលិតចំនួន ៤០០ដុំ។ ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង១៧:៣០នាទីនាថ្ងៃខែឆ្នាំដដែល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបាន និងកំពុងតែធ្វើការស្រាវជ្រាវ។ ដោយឡែក ចំពោះករណីខាងលើនេះ មិនបានបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡេីយ៕
អត្ថបទ៖ ត្រយងតូច

