បាងកក៖ អាជ្ញាធរថៃបានប្រកាសពីភាពជោគជ័យក្នុងការជួយសង្គ្រោះនិស្សិតស្រីជនជាតិចិន អាយុ ២១ឆ្នាំម្នាក់ កាលពីថ្ងៃទី៤ ខែមិថុនា ម្សិលម៉ិញ ក្នុងស្រុក Bang Phli ខេត្ត Samut Prakan ប៉ុន្តែនៅពីក្រោយខ្នងនៃប្រតិបត្តិការនេះ បានលាតត្រដាងនូវភាពធូររលុងយ៉ាងអាម៉ាស់ និងចន្លោះប្រហោងដ៏ធំធេងពីប្រព័ន្ធអន្តោប្រវេសន៍ និងសន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃ។

ករណីដែលបណ្តាញឧក្រិដ្ឋជនអាចបញ្ជាជនរងគ្រោះឆ្លងដែនពីចម្ងាយ ដោយធ្វើដំណើរពីហុងកុងមកកាន់ប្រទេសថៃ ដើម្បីធ្វើការចាប់ជំរិតបំភ័យគ្រួសាររងគ្រោះ ជំរិតទារប្រាក់ ១២,៥លានបាត ឬប្រហែល ៣លានដុល្លារហុងកុង។ នេះបង្ហាញថា ជាភស្តុតាងថ្មីមួយទៀតដែលទីក្រុងបាងកកធ្លាប់តែជាឋានសួគ៌កម្សាន្តសម្បូរបែប ក្្លាយសួនកម្សាន្តដ៏រន្ធត់ក្រោមដៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។


នៅក្នុងទម្រង់ល្បិចកលចាប់ជំរិតតាមអនឡាញនេះ ក្រុមឧក្រិដ្ឋជនមិនបានប្រើកម្លាំងបាយផ្ទាល់ឡើយ ពោលគឺពួកគេប្រើត្រឹមសម្ដី និងអក្សរគំរាមកំហែងផ្លូវចិត្តតាមរយៈទូរស័ព្ទប៉ុណ្ណោះ។ អ្វីដែលជាសំណួរដេញដោលធំៗនោះគឺ ជនរងគ្រោះបានធ្វើដំណើរតាមជើងហោះហើរ Hong Kong Airlines មកដល់ថៃនៅវេលាម៉ោង ២:៣៦ នាទីរំលងអធ្រាត្រ ថ្ងៃទី ១ មិថុនា នោះតែម្នាក់ឯង។ តើអាចទៅរួចទេដែលស្ត្រីវ័យក្មេងម្នាក់ ធ្វើដំណើរម្នាក់ឯងទាំងកណ្តាលអាធ្រាត្រ អាចឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ថៃបានយ៉ាងរលូន ដោយគ្មានការកត់សម្គាល់ ឬការសាកសួរណាមួយ ក្នុងខណៈពេលដែលប្រទេសថៃកំពុងរងការរិះគន់ជាអន្តរជាតិលើបញ្ហាចាប់ជំរិត និងជួញដូរមនុស្ស? ករណីនេះសបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធទប់ស្កាត់បទល្មើសមុនពេលកើតហេតុរបស់ថៃ នៅតែមានកម្រិតទាបបំផុត។

ចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរ និងគួរឱ្យរន្ធត់បំផុតក្នុងប្រព័ន្ធសន្តិសុខផ្ទៃក្នុង គឺនៅក្នុងដំណាក់កាលដែលក្រុមបោកប្រាស់បញ្ជាឱ្យជនរងគ្រោះប្តូរទៅស្នាក់នៅសណ្ឋាគារក្នុងស្រុក Bang Phli។ នាងត្រូវបានណែនាំឱ្យប្រើប្រាស់ត្រឹមរូបភាពលិខិតឆ្លងដែនក្លែងក្លាយដែលផ្ញើតាមអនឡាញ ដើម្បីចុះឈ្មោះនាងចូលសម្រាកនៅទីនោះ។ ការដែលសណ្ឋាគារនៅថៃអាចបណ្តោយឱ្យភ្ញៀវប្រើប្រាស់ត្រឹមរូបភាពឆ្លងដែនក្នុងទូរស័ព្ទ ដោយមិនបាច់ផ្ទៀងផ្ទាត់ Passport ច្បាប់ដើម ច្បាស់ណាស់បានស្តែងឱ្យឃើញពីកម្សោយនៃរឹតបន្តឹង ឬភាពធូររលុងនៃច្បាប់សន្តិសុខទៅលើអាជីវកម្មស្នាក់នៅ។ ប្រសិនបើត្រឹមតែរូបថតកាត់តក្នុងទូរស័ព្ទ អាចជួលបន្ទប់ស្នាក់នៅបានយ៉ាងងាយស្រួលបែបនេះ ចុះទម្រាំតែក្រុមម៉ាហ្វីយ៉ា ឬខ្មាន់កាំភ្លើងពិតប្រាកដ តើតំបន់ដែលស្ថិតក្នុងប្រទេសថៃនឹងទៅជាយ៉ាងណា?

សូមជម្រាបថា ករណីរបស់និស្សិតស្រីជនជាតិចិនខាងលើ មិនមែនជាករណីទីមួយឡើយនៅក្នុងប្រទេសថៃ កន្លងមកមានជនរងគ្រោះជាច្រើនបានចាញ់ការបោកបញ្ឆោតរបស់ក្រុមឧក្រិដ្ឋជនសង្គមងងឹតដែលកំពុងយកប្រទេសថៃ ជាមជ្ឈមណ្ឌលសម្រាប់ប្រព្រឹត្តបទលម្មើសឆបោក និងជួញដូរមនុស្ស។ ដរាបណាអាជ្ញាធរថៃនៅតែបន្តធ្វើការងារបែបទប់ទល់ពេលកើតហេតុ ជាជាងការការពារមុនកើតហេតុ ព្រមទាំងបណ្តោយឱ្យមានចន្លោះប្រហោងតាំងពីច្រកទ្វារអន្តោប្រវេសន៍ រហូតដល់ប្រព័ន្ធគ្រប់គ្រងសណ្ឋាគារបែបនេះ ប្រទេសថៃនឹងមិនអាចលាងជម្រះឈ្មោះជា ផ្ទាំងស៊ីប និងជាឋានសួគ៌លាក់ខ្លួនរបស់ក្រុមម៉ាហ្វីយ៉ាឆ្លងដែន នៅលើឆាកអន្តរជាតិបានឡើយ៕

