ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៦ ឈ្មោះ «ចាងមី» ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មិនស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះឡើយ។
តាមការព្យាករណ៍ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។



សម្រាប់តំបន់វាលទំនាប សីតុណ្ហភាពអាចស្ថិតនៅចន្លោះពី ២៥ ដល់ ៣៦អង្សាសេ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ២០ភាគរយនៃផ្ទៃដី។
ចំណែកតំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់ប្រមាណ ៣៥ភាគរយនៃផ្ទៃដី ខណៈសីតុណ្ហភាពអាចឡើងដល់ ៣៦អង្សាសេ។




ដោយឡែក តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រមាណ ៣០ភាគរយនៃផ្ទៃដី។ រលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រ ទៅ ១,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងភ្លៀងកក់ខែ ដែលអាចកើតមាននៅតាមតំបន់មួយចំនួនក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

