ប៉េកាំង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួ (Xinhua) បានផ្សាយនាថ្ងៃសុក្រ ទី៥ ខែមិថុនា នេះថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងរយៈពេល ២ថ្ងៃ គឺ នៅថ្ងៃទី៨ និងទី៩ ខែមិថុនា ខាងមុខនេះ ដែលនេះជាការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងបំផុតរបស់លោកនៅក្នុងឆ្នាំនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានបញ្ជាក់ថា៖ «តបតាមការអញ្ជើញរបស់លោក គីម ជុងអ៊ុន, លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកូរ៉េខាងជើង ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា»។
ការធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងប្រចាំឆ្នាំរបស់លោក ស៊ី ជីនពីង នាពេលនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកទើបតែបានជួបប្រជុំជាបន្តបន្ទាប់នៅក្នុងទីក្រុងប៉េកាំង ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែឧសភាកន្លងទៅ។

ការបញ្ជាក់ជាផ្លូវការអំពីដំណើរទស្សនកិច្ចនេះ បានលេចឡើងបន្ទាប់ពីមានការរំពឹងទុកជាច្រើនសប្តាហ៍មកហើយ ក្រោយពីមានសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រទះឃើញវត្តមានរបស់គណៈប្រតិភូចិននៅក្នុងទីក្រុងព្យុងយ៉ាង។
ទាក់ទិននឹងបញ្ហានេះ ក្រុមអ្នកវិភាគបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងព្យុងយ៉ាង នាពេលនេះ គឺជាការបង្ហាញពីបំណងរបស់ទីក្រុងប៉េកាំង ក្នុងការកំណត់ និងពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញទៅលើកូរ៉េខាងជើង ក៏ដូចជាតំបន់ឧបទ្វីបកូរ៉េទាំងមូល។

គួរបញ្ជាក់ផងដែរថា លោក ស៊ី ជីនពីង បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងចុងក្រោយបង្អស់គឺ នៅក្នុងឆ្នាំ២០១៩ ដែលកាលនោះលោកបានជួបពិភាក្សាការងារជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងទទួលបានការស្វាគមន៍ និងគារកិច្ចជាផ្លូវការពីកងទ័ពកូរ៉េខាងជើងផងដែរ។
ដោយឡែក មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែកញ្ញាឆ្នាំមុនផងដែរ ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាយោធាអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ហើយលោកក៏បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង នាឱកាសនោះផងដែរ៕

