កំពង់ចាម៖ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យរៀបចំសិក្ខាសាលាប្រចាំឆ្នាំ ក្រោមប្រធានបទ «ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព» សម្រាប់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ប.ទ.)។

ជាក់ស្ដែងកាលពីថ្ងៃទី២ ដល់ ៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
- ពង្រឹងទំនាក់ទំនង៖ ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ។
- អភិវឌ្ឍសមត្ថភាព៖ បង្កើនជំនាញលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។
- ពង្រឹងសេវាសាធារណៈ៖ ជម្រុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមបរិបទថ្មី។
- ការអនុវត្តជាក់ស្តែង៖ មន្ត្រីទទួលបានការអនុវត្តផ្ទាល់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីសម្រួលដល់ការងារ និងរៀនពីវិធីសាស្ត្រការពារខ្លួនពីការជ្រៀតចូលគណនីផ្ទាល់ខ្លួន (Cybersecurity)។

លេីសពីនេះទៅទៀត សិក្ខាសាលានេះ ក៏មានការអនុវត្តផ្ទាល់លើការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីជួយសម្រួលដល់ការងារនិងវិធីសាស្រ្តការពារខ្លួនពីការជ្រៀតចូលគណនីផ្ទាល់ខ្លួនផងដែរ ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ ‘’ការលើកកម្ពស់ជំនាញឌីជីថលសម្រាប់ការផ្តល់សេវាសាធារណ:ប្រកបដោយប្រសិទ្ធភាព’’ សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២ ខែមិថុនា រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលធ្វើនៅ ២តំបន់ ដូចខាងក្រោម ៖
-ខេត្តកំពង់ចាម៖ ចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
-ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៕



