ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី ដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច និងបើកច្រកពាណិជ្ជកម្មទ្វេភាគី។

នៅក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចពីចក្ខុវិស័យរួមគ្នារវាងប្រទេសទាំងពីរ ក្នុងនាមជាប្រទេសតូចដែលពឹងផ្អែកលើគោលការណ៍សន្តិភាព ពហុភាគីនិយម និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយភាពធន់ នៅក្នុងបរិបទពិភពលោកដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស. ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនពីវឌ្ឍនភាពនៃ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីការពារបរិយាកាសវិនិយោគ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

បច្ចុប្បន្ន សិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងជាវិនិយោគិនធំលំដាប់ទី៣ របស់កម្ពុជា. ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើលទ្ធភាពគន្លឹះមួយចំនួន រួមមាន៖
១/ ការជំរុញនាំចេញផលិតផលស្បៀងអាហារ និងកសិផលគុណភាពខ្ពស់របស់កម្ពុជា ដូចជា ទុរេន និងស្វាយ ទៅកាន់ទីផ្សារសិង្ហបុរី.
២/ ការទាក់ទាញការវិនិយោគក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិ-ឧស្សាហកម្ម.
៣/ ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល តាមរយៈបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបបាតសមុទ្រ.
៤/ ការរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងការកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍លើការគ្រប់គ្រងអភិបាលកិច្ចក្នុងវិស័យសាធារណៈ.

ជាការឆ្លើយតប ឯកឧត្តម Steven Pang Chee Wee បានសម្តែងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងចក្ខុវិស័យធ្វើទំនើបកម្មប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សិង្ហបុរី ក្នុងការបន្តជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ពិសេសលើការបញ្ជូនពលករជំនាញកម្ពុជាទៅបំពេញការងារ និងអភិវឌ្ឍសមត្ថភាពនៅសិង្ហបុរី ព្រមទាំងការបន្តគាំទ្រការកសាងសមត្ថភាពមន្ត្រីរាជការកម្ពុជាផងដែរ៕

