Scamsត្បូងឃ្មុំ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានបន្តចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដើម្បីស្វែងរកជនបរទេសស្នាក់នៅដោយខុសច្បាប់ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបទល្មើសគ្រឿងញៀន និងក្មេងទំនើង។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមានការសម្របសម្រួលពីតំណាងអយ្យការ។ជាលទ្ធផល ក្រុមការងារបានចុះត្រួតពិនិត្យបន្ទប់ជួលចំនួន ៣ទីតាំង ស្ថិតនៅភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលមានបន្ទប់សរុប ៨៨បន្ទប់ និងទូកុងតឺន័រ ៩ទូ។

ការត្រួតពិនិត្យបានរកឃើញជនបរទេសចំនួន ២៣នាក់ ក្នុងនោះស្រី ៣នាក់។បច្ចុប្បន្ន ជនបរទេសទាំង ២៣នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីច្បាប់។

ទន្ទឹមនោះ ក្រុមការងារក៏បានធ្វើការអប់រំ ណែនាំ និងឱ្យធ្វើកិច្ចសន្យាអនុវត្តតាមអនុក្រឹត្យលេខ ០៣ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អាជ្ញាធរខេត្តបញ្ជាក់ថា កម្លាំងជំនាញនឹងបន្តចុះស្រាវជ្រាវ និងត្រួតពិនិត្យទីតាំងសង្ស័យនៅទូទាំង ៧ក្រុង-ស្រុក ក្នុងខេត្តត្បូងឃ្មុំ ដើម្បីបង្ការ និងបង្ក្រាបបទល្មើស Online Scams គ្រឿងញៀន និងសកម្មភាពខុសច្បាប់ផ្សេងៗឱ្យមានប្រសិទ្ធភាព។៕

Share.