ម៉ានីល៖ ការព្រមានពីគ្រោះថ្នាក់នៃរលកយក្សស៊ូណាមិត្រូវបានប្រកាសដាក់ចេញជាបន្ទាន់ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រីចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រក្បែរកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ នេះ។ នេះបើយោងតាមការបញ្ជាក់ពីមជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ)។

មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងក្នុងជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី។ ភ្លាមៗនោះ ភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសហ្វីលីពីន និងប្រទេសជិតខាងឥណ្ឌូណេស៊ី (Indonesia) បានប្រកាសព្រមានពីលទ្ធភាពដែលកើតមានរលកយក្សស៊ូណាមិ ទោះបីជាមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតធ្ងន់ធ្ងរភ្លាមៗពីប្រទេសទាំង២ ក៏ដោយ។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនក៏បានចេញសេចក្តីណែនាំប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ នៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួនផងដែរ។

មុននេះបន្តិច មជ្ឈមណ្ឌល GFZ បានវាយតម្លៃកម្រិតរញ្ជួយដីនេះរហូតដល់ ៨,២រីចទ័រ ខណៈដែលប្រព័ន្ធព្រមានរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក ក៏បានចេញសេចក្តីប្រកាសអាសន្នពីការគំរាមកំហែងនៃរលកយក្សស៊ូណាមិក្រោយការរញ្ជួយដីនេះដែរ។
ដោយឡែក វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានកម្រិត ៧,០រីចទ័រ និងបានព្រមានពីការខូចខាត ក៏ដូចជារលកស៊ូណាមិដែលអាចមានកម្ពស់ខ្ពស់ជាង ១ម៉ែត្រ អាចបន្តកើតមានក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ ចំណែកឯទីភ្នាក់ងារឧតុនិយម ភូគព្ភសាស្ត្រ និងរូបវិទ្យាតារាសាស្ត្រឥណ្ឌូណេស៊ី (BMKG) បានវាយតម្លៃថា មានការរញ្ជួយដីកម្រិត ៧,៧រីចទ័រ។

លោក Benjie Ancheta ប្រធានប៉ូលិសប្រចាំទីក្រុង Alabel ក្នុងខេត្ត Sarangani នៃប្រទេសហ្វីលីពីន បានរៀបរាប់ថា អគារប៉ុស្តិ៍ប៉ូលិសបានរងការប្រេះស្រាំខ្លះៗ ភ្លាមៗបន្ទាប់ពីការរញ្ជួយដី ដែលបានកើតឡើងចំពេលកំពុងប្រារព្ធពិធីគោរពទង់ជាតិ។
លោក Ancheta បានបន្តថា មិនទាន់មានរបាយការណ៍ស្តីពីអ្នករងគ្រោះថ្នាក់ដល់ជីវិតនៅឡើយទេ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានសន្លប់បាត់ស្មារតី ដោយសារតែការរញ្ជួយដ៏ខ្លាំងក្លានេះ។ លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters តាមទូរស័ព្ទថា៖ «នេះគឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក»។

ចំណែកឯសាក្សីនៅទីក្រុង Manado ភាគខាងជើងប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ពួកគេបានដឹងពីកម្លាំងរញ្ជួយដីនេះយ៉ាងច្បាស់ ហើយវាពិតជាខ្លាំងក្លាមែនទែន។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ស្ថិតនៅក្នុងតំបន់ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» (Pacific Ring of Fire) ដែលជាតំបន់មានសកម្មភាពរញ្ជួយដី និងបន្ទុះភ្នំភ្លើងយ៉ាងសកម្មបំផុត ដោយលាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង រហូតដល់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕

