កណ្ដាល៖ មនុស្សប្រុស ២នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បុករបាំងថ្មពុះចែកទ្រូងផ្លូវ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤:១០នាទី ព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចខាងមុខច្រកចូលបុរីសិរីមង្គល លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។



តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តម៉ាក Hyundai ពណ៌ស ប្រភេទដឹកទំនិញធុនធ្ងន់ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3128 បើកបរដោយឈ្មោះ ជាន យ៉េត អាយុ ៣៤ឆ្នាំ មានទីលំនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានធ្វើដំណើរពីត្បូងទៅជើង (ស្អាង-តាខ្មៅ)។ លុះមកដល់ចំណុចកើតហេតុ បានបាត់បង់ការគ្រប់គ្រង ហើយបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះ អ្នកបើកបររងរបួសធ្ងន់ ហើយអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ពត ផល អាយុ ២៨ឆ្នាំ ក៏រងរបួសធ្ងន់ដូចគ្នា។ ជនរងគ្រោះទាំងពីរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ។
ចំពោះការខូចខាត រថយន្តរងការខូចខាតធ្ងន់ ខណៈរបាំងថ្មពុះចែកទ្រូងផ្លូវ ផ្លាកសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ត្រូវបានខូចខាតផងដែរ។
បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអង្គភាពស្ពានថ្នល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

