ពោធិ៍សាត់៖ មនុស្សប្រុសស្រីចំនួន ៧នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីរថយន្តសាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ខណៈមេឃកំពុងភ្លៀង បណ្តាលឱ្យរអិលរ៉េចង្កូត ហោះកាត់រនាំងដែកពុះចែកទ្រូងផ្លូវ ទៅបុករថយន្តឡង់គ្រីស័រ និងម៉ូតូមួយគ្រឿងទៀត។




ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២៖៤០នាទីរសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។តាមសមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ពោធិ៍សាត់ 2B-0860 ធ្វើដំណើរពីលិចទៅកើត។




លុះដល់ចំណុចកើតហេតុ ដោយសារផ្លូវរអិល និងបើកបរក្នុងល្បឿនលឿន បានបាត់បង់ការគ្រប់គ្រង រ៉េចង្កូតហោះកាត់រនាំងដែកពុះចែកទ្រូងផ្លូវ ទៅបុករថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AA-7434 និងម៉ូតូហុងដាឌ្រីមមួយគ្រឿង ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា។
គ្រោះថ្នាក់នេះ បណ្តាលឱ្យមនុស្ស ៧នាក់ រងរបួសធ្ងន់ និងស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ។សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុបង្កគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបររថយន្តសាំយ៉ុង បើកបរក្នុងល្បឿនលឿនហួសកំណត់ មិនសមស្របនឹងស្ថានភាពផ្លូវកោង និងអាកាសធាតុភ្លៀងធ្លាក់ ដែលធ្វើឱ្យផ្លូវរអិល និងពិបាកគ្រប់គ្រងយានយន្ត។







ក្រោយកើតហេតុ លោក គី គឹមណូ អភិបាលស្តីទីស្រុកក្រគរ បានដឹកនាំកម្លាំងចុះអន្តរាគមន៍ សម្រួលចរាចរណ៍ និងសម្អាតទីតាំងកើតហេតុ ដើម្បីឱ្យការធ្វើដំណើរវិលត្រឡប់មកប្រក្រតីវិញ៕
អត្ថបទ÷ពោធិ៍សាត់

