ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៤នាក់ ក្នុងករណីឃាតកម្មគិតទុកជាមុនលើជនជាតិចិនគ្នាឯង រួចដាក់សាកសពក្នុងរថយន្ត ហើយប្លុងចោលនៅខណ្ឌដង្កោ។

ប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបនេះ បានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០នាទី ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញា ឆាយ ហុង នៃសាលាដំបូងរាជធានីភ្នំពេញ។
សាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅក្នុងរថយន្ត ដែលប្លុងចោលនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ដោយឡែក សមត្ថកិច្ចបានប្រមូលវត្ថុតាងដែលដកហូតបាន រួមមាន៖ ទូរស័ព្ទដៃ iPhone ចំនួន ៤គ្រឿង រថយន្ត ២គ្រឿង (Toyota Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AI-3068 និង Toyota Prius ពណ៌ស ពាក់ស្លាកលេខ 2BH-1311 ដែលជារថយន្តដឹកសាកសព) ម៉ូតូ ០១គ្រឿង ម៉ាកស្មាក់ ពណ៌ក្រហមខ្មៅ ពាក់ស្លាកលេខ 1CE-0447 និងលិខិតឆ្លងដែនចំនួន ២ក្បាល។
សូមជម្រាបថា ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី៕

