ស្វាយរៀង៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ជនជាតិចិន) នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។


ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំកំពូល និងដឹកនាំផ្ទាល់ដោយមន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលក្រុងបាវិត និងមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនទម្ងន់ ១០គីឡូ ៩៧៣.២១ក្រាម, ជញ្ជីងថ្លឹង ០១គ្រឿង, អាវុធវែង ០១ដើម បង់ ០២ និងគ្រាប់ ៤០គ្រាប់, ទូរស័ព្ទដៃ ០៣គ្រឿង និងសម្ភារផ្សេងៗមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

