មណ្ឌលគិរី៖ អាជ្ញាធរ និងសមត្ថកិច្ចខេត្តមណ្ឌលគិរី បានបន្តបង្ក្រាប និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបញ្ជូនជនបរទេសចំនួន ៨០នាក់ ដែលសង្ស័យពាក់ព័ន្ធមុខសញ្ញា Online Scam ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីច្បាប់។



ក្នុងប្រតិបត្តិការនាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញអន្តោប្រវេសន៍ ក៏បានបណ្តេញស្ត្រីជនជាតិវៀតណាមម្នាក់ ត្រឡប់ទៅប្រទេសកំណើតវិញ តាមច្រកទ្វារព្រំដែនទ្វេភាគីដាក់ដាំ ក្រោយរកឃើញថា បានស្នាក់នៅ និងធ្វើការងារខុសច្បាប់ ពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ។
ជនបរទេសទាំង ៨០នាក់ ដែលត្រូវបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាន ៤សញ្ជាតិ រួមមាន ជនជាតិចិន ៦៥នាក់ មីយ៉ាន់ម៉ា ១៣នាក់ ហ្វីលីពីន ១នាក់ និងម៉ាឡេស៊ី ១នាក់។ សមត្ថកិច្ចបញ្ជាក់ថា ពួកគេត្រូវបានរកឃើញថា ស្នាក់នៅ និងប្រកបការងារខុសច្បាប់ ដោយជាប់សង្ស័យពាក់ព័ន្ធបណ្តាញ Online Scam។
សមត្ថកិច្ចអះអាងថា វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការបន្តបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅតាមតំបន់ព្រំដែន៕
អត្ថបទ៖ ចតុម្មុខ

