នាយកដ្ឋានស្ត្រី និងសុខភាពនៃក្រសួងកិច្ចការនារី សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានរៀបចំវេទិកាអប់រំផ្សព្វផ្សាយនៅសហគមន៍ស្តីពី «យេនឌ័រសុខភាពបន្តពូជសុខភាពផ្លូវភេទនិងសិទ្ធិ» ក្រោមប្រធានបទ “ទំនាក់ទំនងអន្តរជំនាន់”។ ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងវត្តអូរយ៉ាដាវ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្រោមអធិបតីភាពរបស់ លោកជំទាវញាណសុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល លោកគ្រូ-អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សជាច្រើនរូប។

នៅក្នុងឱកាសនោះ លោកជំទាវ ញាណ សុចិត្រា បានលើកឡើងពីរបាយការណ៍ស្រាវជ្រាវឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី និងអង្គការភ្លែនអន្តរជាតិ ដែលបានរកឃើញថា អត្រានៃការរៀបការមុនអាយុ ១៨ ឆ្នាំ នៅតែមានកម្រិតខ្ពស់គួរឱ្យបារម្ភ ជាពិសេសនៅខេត្តរតនគិរី ក្នុងនោះ ១៤% នៃស្ត្រីបានរៀបការមុនអាយុ ១៨ ឆ្នាំ និង១៤% ទៀត បានរៀបការតាមរយៈការផ្សំផ្គុំក្នុងចន្លោះអាយុពី ១៥ ដល់ ១៨ ឆ្នាំ។

ការរៀបអាពាហ៍ពិពាហ៍ ឬការមានកូនទាំងវ័យក្មេង បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្មេងស្រី ដូចជា បញ្ហាសុខភាពបន្តពូជ សុខភាពផ្លូវចិត្ត ការរំលូតកូនដោយប្រថុយប្រថាន គ្រោះថ្នាក់នៃអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបាត់បង់ឱកាសក្នុងការទទួលបានការអប់រំ ការចូលរួមក្នុងសង្គម និងការធ្វើសេចក្តីសម្រេចចិត្តផ្សេងៗ។

ឯកត្តាជំរុញឱ្យមានអាពាហ៍ពិពាហ៍នៅវ័យក្មេង អាពាហ៍ពិពាហ៍ដោយបង្ខំ និងការរស់នៅជាប្តីប្រពន្ធនៅវ័យក្មេង រួមមាន ទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ចរបស់គ្រួសារ ភាពក្រីក្រ វិសមភាពសេដ្ឋកិច្ចសង្គម ជាតិសាសន៍ សាសនា ការអប់រំ ការបោះបង់ការសិក្សា កង្វះចំណេះដឹង វិសមភាពយេនឌ័រ ការមានផ្ទៃពោះក្នុងវ័យជំទង់ បទដ្ឋានសង្គមនិងវប្បធម៌ កង្វះការអនុវត្តច្បាប់ និងឥទ្ធិពលនៃអ៊ីនធឺណេតនិងបណ្តាញសង្គម។

វេទិកាអប់រំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងគ្នាបែបវិជ្ជមាន រវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ (ឪពុកម្តាយ និងកូនៗ) ទាំងនៅក្នុងគ្រួសារ និងសហគមន៍។ សកម្មភាពនេះ គឺដើម្បីរួមគ្នាលុបបំបាត់ទំនៀមទម្លាប់អវិជ្ជមាន និងលើកកម្ពស់សុខុមាលភាព ព្រមទាំងសិទ្ធិសេរីភាពរបស់យុវជន ជាពិសេសស្ត្រី និងក្មេងស្រី ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

ប្រភព៖ ក្រសួងកិច្ចការនារី

Share.