ម៉ានីល៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់យ៉ាងហោចណាស់ ៣៥នាក់ ខណៈមនុស្សជាង ១០០នាក់ផ្សេងទៀតបានរងរបួស។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅឆ្នេរសមុទ្រនៃកោះមិនដាណាវ (Mindanao) ភាគខាងត្បូង កាលពីថ្ងៃច័ន្ទ ទី៨ ខែមិថុនា ដោយបានបណ្តាលឱ្យបាក់រលំអគារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៅក្នុងទីក្រុង General Santos។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឱ្យដឹងថា មនុស្សប្រហែល ១២នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈមនុស្សចំនួន ១៣៤នាក់បានរងរបួស។ ជាមួយគ្នានេះដែរ មានរបាយការណ៍បញ្ជាក់ថា រលកស៊ូណាមិបានបំផ្លាញភូមិជាប់ឆ្នេរមួយកន្លែងក្នុងប្រទេសហ្វីលីពីន។ ចំណែកឯរលកសមុទ្រខ្ពស់ៗជាច្រើនទៀត ត្រូវបានរកឃើញបោកបក់នៅក្បែរប្រទេសឥណ្ឌូណេស៊ី និងប៉ាលូ រួមទាំងនៅភាគខាងត្បូងប្រទេសជប៉ុនផងដែរ។
អាជ្ញាធរហ្វីលីពីនបានជម្រុញឱ្យប្រជាពលរដ្ឋរស់នៅតំបន់ឆ្នេរដែលរងផលប៉ះពាល់ ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព បន្ទាប់ពីការរញ្ជួយដីនៅសមុទ្រនេះបានវាយប្រហារចំភាគខាងត្បូងទីក្រុង General Santos ដែលជាទីក្រុងកំពង់ផែមានប្រជាជនរស់នៅប្រមាណ ៧២០,០០០នាក់។

យោងតាមរបាយការណ៍ពីស្ថាប័នស្រាវជ្រាវភូគព្ភសាស្ត្រអាមេរិក (USGS) បានឱ្យដឹងថា បន្ទាប់ពីការរញ្ជួយដីលើកដំបូងបានកន្លងផុតទៅប្រហែលពីរម៉ោង មានការញ័ររញ្ជួយយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ (Aftershocks) បានកើតឡើង ដោយក្នុងនោះកម្រិតខ្លាំងបំផុតមានទំហំដល់ទៅ ៦.៥ រ៉ិចទ័រ។


គួរបញ្ជាក់ថា គ្រោះមហន្តរាយនេះបានកើតឡើងក្នុងរយៈពេល ៨ខែ បន្ទាប់ពីហ្វីលីពីនបានជួបប្រទះការរញ្ជួយដីដ៏សាហាវបំផុតក្នុងរយៈពេល ១២ឆ្នាំ កន្លងមក ដែលកាលនោះការរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ នៅក្បែរកោះសេប៊ូ (Cebu) បានសម្លាប់មនុស្សអស់ ៧៩នាក់។ ពីរសប្តាហ៍ក្រោយមក កោះមិនដាណាវក៏ត្រូវបានវាយប្រហារដោយការរញ្ជួយដីកម្រិតធ្ងន់ពីរលើកទៀត ដោយលើកដែលខ្លាំងបំផុតមានកម្រិត ៧.៤ រ៉ិចទ័រ៕
ចុចអាន៖ គ្រោះរញ្ជួយដីនៅហ្វីលីពីនព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកស្លាប់កើនឡើងដល់ ១៥នាក់ហើយ!

