ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីសម្ពាធទាបនៅលើសមុទ្រចិនខាងត្បូង ដែលកំពុងជះឥទ្ធិពលដល់របបខ្យល់មូសុងនិរតី បក់កាត់លើតំបន់អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងតំបន់ជាច្រើនទៀតក្នុងប្រទេស។


ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្តាខេត្តនៅទូទាំងប្រទេសអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងនោះ តំបន់ខ្ពង់រាប រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ច្រើនជាងគេ ដោយគ្របដណ្តប់ប្រមាណ ៤៥ភាគរយ នៃផ្ទៃដី។ ដោយឡែក តំបន់មាត់សមុទ្រ និងតំបន់វាលទំនាប ក៏អាចទទួលរងភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។


ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ បន្តតាមដានព័ត៌មានព្យាករណ៍អាកាសធាតុ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងគ្រោះថ្នាក់ដែលអាចកើតមានក្នុងអំឡុងពេលមានភ្លៀងធ្លាក់។

