កំពង់ចាម៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរួមគ្នាប្រារព្ធពិធីថ្វាយព្រះពរជ័យ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម។

ពិធីនេះដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីមន្ត្រីរាជការ សមាជិក សមាជិកា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរូប។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមខេត្តកំពង់ចាម បានលើកហត្ថប្រណម្យបួងសួង ថ្វាយព្រះពរជ័យសិរីមង្គលថ្វាយ សម្តេចព្រះមហាក្សត្រី សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។

ជាមួយគ្នានោះ អង្គពិធីក៏បានសម្តែងនូវអំណរសាទរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះព្រះរាជបូជនីយកិច្ច និងព្រះហឫទ័យមនុស្សធម៌ដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ដែលតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងបានគាំទ្រយ៉ាងសកម្មដល់បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក៕

អត្ថបទ៖ អាចារ្យលាក់

Share.