ហាណូយ ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងហាណូយ។

ជំនួបនេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នយោបាយ សន្តិសុខ ការពារជាតិ អប់រំ ទេសចរណ៍ វប្បធម៌ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញការតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជាមួយផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ ព្រមទាំងការពង្រីកជើងហោះហើរ និងការតភ្ជាប់ផ្លូវទឹករវាងប្រទេសទាំងពីរ។

សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ច និងការជួបពិភាក្សាជាញឹកញាប់ ដែលរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។
សូមជម្រាបថា ភាគីទាំងពីរបានឯកភាពគ្នាថា កម្ពុជា និងវៀតណាម នៅតែមានសក្តានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញបន្ថែម និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជនទាំងពីរប្រទេស៕

