កំពង់ធំ៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ បានបើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រង ក៏ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ពិធីបើកកិច្ចសវនកម្មនេះ ធ្វើឡើងនារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីកងកម្លាំងនគរបាលចំនួន ២៨០នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរាយការណ៍អំពីស្ថានភាពការងាររបស់អង្គភាព រួមទាំងការគ្រប់គ្រងដឹកនាំ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិស្ថាន និងលទ្ធផលការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលធានាបាននូវសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានគូសបញ្ជាក់ថា ការងារសវនកម្មផ្ទៃក្នុង មានតួនាទីសំខាន់ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង ពង្រឹងសមត្ថភាពអង្គភាព និងធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញតួនាទីបម្រើសេវាសាធារណៈ។

ជាមួយគ្នានេះ លោកបានណែនាំឱ្យស្នងការដ្ឋាននគរបាលខេត្ត បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការប្រើប្រាស់ថវិកាគាំទ្រគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យមានតម្លាភាព និងចំគោលដៅ។

លោកក៏បានជំរុញឱ្យកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តអនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ និងបង្កើនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ខណៈដែលបទល្មើសប្រភេទនេះកំពុងជាបញ្ហាប្រឈមមួយក្នុងសង្គមនាពេលបច្ចុប្បន្ន៕

អត្ថបទ៖កំពង់ធំ

Share.