ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយចូលបន្ទប់ជួល និងលួចយកទ្រព្យសម្បត្តិរបស់កម្មការិនីរោងចក្រ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅបន្ទប់ជួលលេខ១២ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហេង សុផល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃកើតហេតុ ក្រោយធ្វើសកម្មភាពលួចដោយធ្វើដំណើរថ្មើរជើង និងស្លៀកពាក់ស៊ីវិល។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ត្បូងពណ៌សថ្លា ១គ្រាប់ និងត្បូងពណ៌ខ្មៅ ១គ្រាប់ ដែលត្រូវបានប្រគល់ជូនជនរងគ្រោះវិញរួចហើយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល

Share.