ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៩ នៃទិវាដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៦) ខណៈពិធីនេះគ្រោងប្រារព្ធឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធា តេជោកោះថ្ម X16 ស្រុកមេមត់ នាថ្ងៃទី២០ ខែមិថុនា ខាងមុខ។

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានផ្តោតលើការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យពិធីរំលឹកខួបប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។

អភិបាលខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការរៀបចំពិធីនេះ ដូច្នេះគ្រប់ផ្នែកពាក់ព័ន្ធត្រូវសហការគ្នារៀបចំការងារឱ្យបានហ្មត់ចត់ ទាំងការងារពិធីការ ការគោរពវិញ្ញាណក្ខន្ធ និងការការពារសន្តិសុខសណ្តាប់ធ្នាប់។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរជំនាញ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានណែនាំឱ្យត្រៀមកម្លាំង និងមធ្យោបាយចាំបាច់នានា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពក្នុងអំឡុងពេលប្រារព្ធពិធី។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តមួយចំនួនតូច ពីតំបន់កោះថ្ម X16 មុនឈានទៅបង្កើតកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសម្រេចជ័យជម្នះរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

អត្ថបទ÷អាចារ្យលាក់

Share.