ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដោយលើកឡើងថា ការវិលត្រឡប់នៃសង្គ្រាមវិញ មិនបានបម្រើផលប្រយោជន៍ឱ្យភាគីណាមួយឡើយ។

ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល បានលើកឡើងថា ពួកគេបានបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក បន្ទាប់ពីមានការអំពាវនាវជាបន្ទាន់ពីលោក Donald Trump ។ ទោះជាយ៉ាងណា ទីក្រុង តេអេរ៉ង់ បានឆ្លើយតបថា ខ្លួននឹងបន្តការវាយប្រហារឡើងវិញ ប្រសិនបើអ៊ីស្រាអែល បន្តវាយប្រហារលើក្រុមហេសបូឡា នៅប្រទេសលីបង់។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានថ្លែងយ៉ាងច្បាស់លាស់ថា៖«ភាគីចិនសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍បច្ចុប្បន្ន។ ការចាប់ផ្តើមឡើងវិញនូវជម្លោះវាយប្រហារ គឺមិនបម្រើដល់ផលប្រយោជន៍របស់ភាគីណាមួយឡើយ។»
ចិនបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបំពេញតាមការប្តេជ្ញាចិត្តនៃការឈប់បាញ់ រក្សាឱ្យបាននូវសន្ទុះនៃការចរចា និងប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះតាមរយៈផ្លូវនយោបាយ និងការទូត។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ការប្រកាន់ខ្ជាប់នូវការចរចារក្សាសន្តិភាពនេះ គឺដើម្បីសម្រេចឱ្យបាននូវការឈប់បាញ់ប្រកបដោយបរិយាបន្ន និងយូរអង្វែងក្នុងពេលឆាប់ៗ ព្រមទាំងបង្កើតលក្ខខណ្ឌចាំបាច់ក្នុងការស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ា៕

