ប៉៉ូលិសខេត្តហាយទិញ ភាគកណ្តាលនៃប្រទេសវៀតណាម បានចុះបង្ក្រាបទីតាំងផលិតអាវុធយោធាខុសច្បាប់ខ្នាតធំចំនួនពីរ ដែលដំណើរការនៅក្នុងទីក្រុងហូជីមិញ និងខេត្តដុងណៃ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតពង្រីកលើបណ្តាញផលិត និងជួញដូរអាវុធខុសច្បាប់។

ក្នុងប្រតិបត្តិការនោះ កម្លាំងប៉ូលិសចំនួន ៦០នាក់ ត្រូវបានដាក់ពង្រាយ ដោយបែងចែកជាកងកម្លាំងអន្តរាគមន៍ចំនួន ៣ក្រុម ដើម្បីចុះឆ្មក់រោងចក្រទាំងពីរក្នុងពេលដំណាលគ្នា។ ទីតាំងទាំងនេះបានដំណើរការដោយសម្ងាត់ ក្រោមការក្លែងបន្លំជាការិយាល័យមេកានិចស៊ីវិល ដោយត្រូវបានបំពាក់ដោយម៉ាស៊ីនកាត់ CNC និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពទំនើបៗ។

នេះគឺជាផ្នែកមួយនៃការបើកការស៊ើបអង្កេតពង្រីកវិសាលភាព ទៅលើបណ្តាញផលិត និងការជួញដូរអាវុធខុសច្បាប់ នៅក្នុងប្រទេសវៀតណាម។  យោងតាមក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆ្មក់នោះ ប៉ូលិសវៀតណាមបានដកហូតវត្ថុតាងមួយចំនួនធំ រួមមានកាំភ្លើងខ្យល់ PCP ផលិតរួចរាល់ ១៧៨ដើម បង់កាំភ្លើង ១១៣ ម៉ាស៊ីនកាត់ CNC ៤គ្រឿង ម៉ាស៊ីនក្រឡឹង CNC ១គ្រឿង ដុំអាលុយមីញ៉ូមសន្លឹក ៣០០ដុំ កុំព្យូទ័រលើតុ ២គ្រឿង និងគ្រឿងបន្លាស់អាវុធរាប់រយមុខទៀត។

ជនសង្ស័យសំខាន់ៗដែលត្រូវបានកោះហៅមកសាកសួរ រួមមាន លោក វ៉ូ ម៉ាញ (អាយុ៣៩ឆ្នាំ) ដែលត្រូវបានចោទប្រកាន់ថាជាម្ចាស់រោងចក្រមេកានិចនៅខេត្តដុងណៃ និងលោក ត្រាញ់ ហ្វូ (អាយុ២៩ឆ្នាំ) ដែលទទួលបន្ទុករចនាម៉ូដែលកាំភ្លើងខ្យល់ PCP ម៉ូដែល C1, C2 និង C3។

លោក លោក វ៉ូ ម៉ាញ ត្រូវបានចោទប្រកាន់ថាបានចាប់ផ្តើមបង្កើតប្រតិបត្តិការផលិតកម្មនេះតាំងពីឆ្នាំ២០២៣ ដោយផលិតគ្រឿងបន្លាស់ និងសមាសធាតុកាំភ្លើង រួចលក់ទៅឱ្យអ្នកទិញក្នុងស្រុក និងបរទេសតាមរយៈការបញ្ជាទិញរាប់ពាន់លើកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមជម្រាបថា ការបង្ក្រាបនេះ គឺជាផ្នែកបន្តនៃការស៊ើបអង្កេតបន្ទាប់ពីនគរបាលខេត្តហាយទិញបានបំបែកសម្បុកផលិត និងជួញដូរអាវុធយោធាខុសច្បាប់មួយទៀតកាលពីពាក់កណ្តាលខែមេសា ដែលនាំឱ្យមានការចោទប្រកាន់ជនសង្ស័យចំនួន ៩នាក់ផងដែរ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតកំពុងត្រូវបានបន្តធ្វើឡើងជាបន្តទៀតតាមនីតិវិធី៕

Share.