ភ្នំពេញ ៖ បន្ទាប់ពីការចរចាអស់រយៈពេលជាងមួយទសវត្សរ៍ នៅទីបំផុតកម្ពុជា និងសហរដ្ឋអាមេរិក បានសម្រេចជោគជ័យក្នុងការបង្កើត «កិច្ចព្រមព្រៀងបើកចំហជើងមេឃ» ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចក្នុងជំនួបរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន ដោយមានការចូលរួមពី ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលផងដែរ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងលុបបំបាត់រាល់ការរឹតបន្តឹងចាស់ៗ រួមមាន ការកំណត់ចំនួនជើងហោះហើរ ចំនួនក្រុមហ៊ុនអាកាសចរណ៍ ទំហំ និងប្រភេទយន្តហោះ។ កិច្ចព្រមព្រៀងនេះ ក៏បើកទូលាយនូវសមត្ថភាពដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដោយផ្ដល់សិទ្ធិដឹកជញ្ជូនផ្លូវអាកាសប្រកបដោយភាពបត់បែន និងសេរីភាពក្នុងការតភ្ជាប់ទិសដៅហោះហើរ។
ទោះបីជាយ៉ាងណា ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាមេរិក ប្រហែលជាមិនអាចលេចរូបរាងឡើងភ្លាមៗនោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានបង្កើតមូលដ្ឋានគ្រឹះផ្លូវច្បាប់ដ៏រឹងមាំសម្រាប់ការពង្រីកការតភ្ជាប់តាមរយៈជើងហោះហើរតភ្ជាប់ និងកិច្ចព្រមព្រៀងលក់សំបុត្ររួមគ្នានាពេលអនាគត។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក ទើបតែអនុម័តថវិកាវិនិយោគចំនួន ២.៥ ពាន់លានដុល្លារ ដែលក្នុងនោះរួមមានការគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍កម្ពុជា ជាពិសេស «អាកាសយានដ្ឋានអន្តរជាតិតេជោ»។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានវាយតម្លៃថា កិច្ចព្រមព្រៀងនេះ នឹងជំរុញឱ្យកម្ពុជាក្លាយជា «មជ្ឈមណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មតំបន់» ប្រកបដោយសមត្ថភាពខ្ពស់ ទំនើប និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិបានពេញលេញ៕

