កណ្តាល៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ព្រមទាំងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ក្រុងតាខ្មៅ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ព្រែកហូរ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

ក្នុងកម្មវិធីនេះ ក្រុមការងារបានធ្វើការពន្យល់ និងបង្កើនការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសលក្ខខណ្ឌអាយុសម្រាប់ការបើកបរម៉ូតូ និងរថយន្ត ការប្រើប្រាស់ប័ណ្ណបើកបរតាមប្រភេទយានយន្ត ព្រមទាំងការប្រើប្រាស់ផ្លូវថ្នល់ឱ្យបានត្រឹមត្រូវ ស្គាល់ស្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍។

ក្រុមការងារក៏បានលើកឡើងអំពីទណ្ឌកម្ម និងការផាកពិន័យចំពោះបទល្មើសចរាចរណ៍ តាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក និងអំពាវនាវឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ បើកបរប្រកាន់ស្តាំ មានការយោគយល់អធ្យាស្រ័យគ្នា និងជៀសវាងការវ៉ាជែងក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់។ជាមួយគ្នានេះ សមត្ថកិច្ចក៏បានណែនាំមិនឱ្យធ្វើការកែច្នៃយានយន្ត និងទោចក្រយានយន្តខុសលក្ខណៈបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយបន្ថែមអំពីការថែរក្សាបរិស្ថាន និងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍។

ក្នុងឱកាសនោះ ក្រុមការងារបានចែកជូនសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ចំនួន ១០ក្បាល កូនសៀវភៅអំពីចំណេះដឹងសម្រាប់អ្នកបើកបរទោចក្រយានយន្ត ៣០០ក្បាល ខិត្តប័ណ្ណជំនួយស្មារតីច្បាប់ចរាចរណ៍ ៣០០សន្លឹក សីលធម៌ ១០ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ១០០សន្លឹក ព្រមទាំងផ្ទាំងសញ្ញា និងប្រតិទិនសញ្ញាចរាចរណ៍ ដើម្បីលើកកម្ពស់ការយល់ដឹង និងការគោរពច្បាប់ចរាចរណ៍ក្នុងសង្គម។

Share.