កណ្ដាល៖ នៅវេលាម៉ោង ២០:៣០នាទី យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩-២០ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យមនុស្សរងរបួសសរុប ៦នាក់។

តាមរបាយការណ៍ អ្នកបើកបរម៉ូតូម៉ាក Honda Dream C125 ម្នាក់ បានបើកបរផ្ទុយទិសចរាចរណ៍ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលបើកបរពីទិសផ្ទុយគ្នា និងគ្មានភ្លើងបំភ្លឺពេលយប់។

ហេតុការណ៍នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ១នាក់ ខណៈមនុស្សជិះរួមដំណើរ ៥នាក់ទៀត រងរបួសស្រាល។ ចំពោះអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុចម្បងបណ្តាលមកពីការបើកបរផ្ទុយទិស ក្នុងល្បឿនលឿន និងការខ្វះការប្រុងប្រយ័ត្ន រួមទាំងម៉ូតូសណ្តោងរ៉ឺម៉កគ្មានភ្លើងបំភ្លឺពេលយប់។

បច្ចុប្បន្ន មធ្យោបាយទាំងពីរ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.