មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានបើកប្រតិបត្តិការរយៈពេល ៨ថ្ងៃ ចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកកោះញែក ដោយដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង។

ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានប្រទះឃើញក្រុមជនសង្ស័យ ១១នាក់ កំពុងដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្ត ៤គ្រឿង។ នៅពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានរត់គេចខ្លួន និងទម្លាក់ឈើចោលតាមផ្លូវ។

ក្រោយការដេញតាម កម្លាំងជំនាញបានរកឃើញ និងដកហូតគោយន្ត ៣គ្រឿងដែលត្រូវបានយកទៅលាក់ក្នុងព្រៃ ខណៈគោយន្ត ១គ្រឿងទៀតបានរត់គេចបាត់។ វត្ថុតាងទាំងអស់ត្រូវបាននាំយកទៅរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។


បច្ចុប្បន្ន មន្ត្រីជំនាញកំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ខណៈការល្បាតបន្តនៅថ្ងៃទី៨ មិថុនា ពុំបានរកឃើញបទល្មើសធនធានធម្មជាតិបន្ថែមទៀតឡើយ៕

