ខេត្តសៀមរាប៖ នាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីបើកកម្មវិធីបណ្ដុះបណ្ដាលស្ដីពី «ការអភិវឌ្ឍគម្រោងអាជីវកម្មឌីជីថល» នៃកម្មវិធីយុវជន២១ (Youth21) ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យារបស់យុវជន៖ គំនិតវ័យក្មេង ការផ្លាស់ប្ដូរពិត (Youth-Tech Startups: Young Minds, Real Change)»។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិយុវជន ខេត្តសៀមរាប។
ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប នាយិកាវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូដឹកនាំ បេក្ខនិស្សិត និងក្រុមការងារនៃកម្មវិធីយុវជន២១ សរុបប្រមាណ ៩៥នាក់ (ស្រី ៤២នាក់)។
ឯកឧត្តមបណ្ឌិត បានលើកឡើងថា យុវជនកម្ពុជាត្រូវត្រៀមខ្លួនក្លាយជាអ្នកបង្កើតនវានុវត្តន៍ ជាយុវសហគ្រិន និងជាអ្នកដឹកនាំការផ្លាស់ប្ដូរ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ចំណេះដឹង និងភាពច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាសង្គម និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

ឯកឧត្ដមបណ្ឌិត អនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការរៀបចំ គ្រូឧទ្ទេស ដៃគូពាក់ព័ន្ធ ក្រុមការងារ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីបណ្ដុះបណ្ដាលនេះអាចប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលនេះនឹងប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានសាកលវិទ្យាល័យ/វិទ្យាស្ថានចំនួន ១០ ដែលបានឆ្លងកាត់វគ្គជម្រុះយក១០ កាលពីពេលកន្លងទៅ រួមមាន៖បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម. សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យពុទ្ធិសាស្ត្រ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កម្មវិធីយុវជន២១ មានការចូលរួមសហការគាំទ្រដោយ សហគ្រិនខ្មែរ ធនាគារវីង ក្រុមហ៊ុន Cambodia My 2nd Home និងក្រុមហ៊ុនខ្មែរប៊ែវើរីជីស (Khmer Beverages)៕
គេហទំព័រ និងបណ្ដាញសង្គម៖ https://linktr.ee/moeyscambodia



