ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកងមាស បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះចំនួន ៣ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអតីតយុទ្ធជន និងនិវត្តជនចំនួន ៣គ្រួសារ ស្ថិតនៅស្រុកកងមាស ខេត្តកំពង់ចាម។

សូមជម្រាបថា គ្រួសារទាំង៣ របស់អតីតយុទ្ធជន និងនិវត្តជនដែលទទួលផ្ទះ រួមមាន៖
- លោក បឹង សន អាយុ ៦៥ឆ្នាំ (អតីតយុទ្ធជនពិការ)៖ បច្ចុប្បន្នរស់នៅឃុំរកាគយ។ គាត់បានរងរបួសពិការជើងក្នុងអំឡុងឆ្នាំ១៩៨៥ ពេលបំពេញភារកិច្ចប្រយុទ្ធការពារជាតិទប់ទល់ជាមួយកម្លាំងខ្មែរក្រហម ហើយសព្វថ្ងៃប្រកបរបរលក់ដូរ។
- លោក កេត លីម អាយុ ៦៧ឆ្នាំ (អតីតយោធាពិការ)៖ បច្ចុប្បន្នជាកសិកររស់នៅឃុំព្រែកក្របៅ។ គាត់បានជួបគ្រោះថ្នាក់ជាន់មីនបណ្ដាលឱ្យពិការជើងខាងឆ្វេង នៅក្នុងសមរភូមិជាមួយកម្លាំងខ្មែរក្រហមក្នុងខេត្តប៉ៃលិន កាលពីឆ្នាំ១៩៩៤។
- លោកស្រី លីម សុខបួយ អាយុ ៧២ឆ្នាំ (មន្ត្រីនគរបាលចូលនិវត្តន៍)៖ ជាស្ត្រីមេម៉ាយ បច្ចុប្បន្នរស់នៅឃុំព្រែកក្របៅ និងជាអតីតមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលស្រុកកងមាស ដែលបានបំពេញការងារយ៉ាងសកម្ម និងបានចូលនិវត្តន៍ (និវត្តជន) ក្នុងឆ្នាំ២០២១។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់អំណោយដល់អតីតយុទ្ធជន និងនិវត្តជននៅស្រុកកងមាស ខេត្តកំពង់ចាម នាពេលនេះ ដែលឆ្លុះបញ្ចាំងពីការគិតគូរនិងយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាសក្ខីភាពនៃការតបស្នងសងគុណ និងផ្ដល់នូវភាពកក់ក្ដៅជូនចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់បានលះបង់អស់កម្លាំងកាយចិត្តដើម្បីសុខសន្តិភាពនៃជាតិមាតុភូមិ។
បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព និងប្រជាជនគ្រប់រូប ដើម្បីធានាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការដោះស្រាយជម្លោះព្រំដែនតាមផ្លូវច្បាប់អន្តរជាតិ និងដោយសន្តិវិធី ដោយរក្សាជំហរយ៉ាងមុតមាំគោរពអធិបតេយ្យរបស់ប្រទេសជិតខាង ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតនូវការគំរាមកំហែង ឬការប៉ុនប៉ងរំលោភឈ្លានពានណាមួយឡើយ៕


