ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយជោគជ័យ កាលពីថ្ងៃទី០៨ -០៩ ខែមិថុនា ឆ្នាំ២០២៦ ដោយភាគីទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍ និងវិបុលភាពរួម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់សម្តេចធិបតី នៅប្រទេសវៀតណាម បានផ្តោតលើការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ឡេ មិញហ្នឹង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល ការពារជាតិ សន្តិសុខ កិច្ចការព្រំដែន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ទេសចរណ៍ និងសុខាភិបាល ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីកង្វល់រួម។


ភាគីទាំងពីរបានឯកភាពជំរុញការវិនិយោគ និងពាណិជ្ជកម្មឆ្លងដែន ដោយដាក់គោលដៅឈានទៅសម្រេចទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ទន្ទឹមនឹងនេះ ក៏បានព្រមព្រៀងពន្លឿនគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ថ្នាក់ដឹកនាំកម្ពុជា និងវៀតណាម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់គណៈកម្មការចម្រុះព្រំដែន និងបង្ហាញការប្តេជ្ញាចិត្តបន្តដោះស្រាយកំណាត់ព្រំដែនដែលនៅសេសសល់ប្រមាណ ១៦ភាគរយ។




ក្រៅពីនេះ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន អប់រំ វប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ។





ក្នុងឱកាសចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសក្នុងតំបន់បន្តគាំទ្រសន្តិភាព កិច្ចសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីធានាស្ថិរភាព និងវិបុលភាពរួមសម្រាប់អាស៊ាន និងតំបន់ទាំងមូល៕








