ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីថ្នាក់មូលដ្ឋាន និងប្រធានក្រុមបក្សចំនួន ១១០នាក់ នៃសង្កាត់ជើងឯក ខណ្ឌដង្កោ។


ក្នុងឱកាសនោះ សម្តេចបានកោតសរសើរចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍនៅមូលដ្ឋាន និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីជាតិ តាមរយៈមធ្យោបាយការទូត និងច្បាប់អន្តរជាតិ។ជាមួយគ្នានេះ សម្តេចបានដាក់ចេញទិសដៅការងារស្នូលចំនួន ៥ សម្រាប់ត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ រួមមាន ការពង្រឹងអង្គការចាត់តាំង ការពង្រឹងសតិអារម្មណ៍នយោបាយ ការអភិវឌ្ឍសមត្ថភាពមន្ត្រី ការតាមដានការងារពាក់ព័ន្ធនឹង គ.ជ.ប និងការត្រៀមបម្រុងហិរញ្ញវត្ថុស្របច្បាប់។


សម្តេចបានសង្កត់ធ្ងន់ថា ការពង្រឹងគុណភាពការងារ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាសំខាន់ក្នុងការបន្តបម្រើប្រជាពលរដ្ឋ និងធានាឱ្យការងារត្រៀមបោះឆ្នោតប្រព្រឹត្តទៅដោយប្រសិទ្ធភាព សំដៅសម្រេចបានលទ្ធផលល្អប្រសើរនាពេលខាងមុខ។

